ទីវ តារារិទ្ធ អ្នកជិះកង់មិនខ្លាចនឿយហត់ត្រៀមបេសកកម្មថ្មី៦ខែ ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅពិភពលោក

ភ្នំពេញ៖សកម្មភាពបានប្តូរទិស បន្ទាប់ពីបានបញ្ចប់បេសកកម្មជិះកង់ជុំវិញពិភពលោកដើម្បីមនុស្សធម៌ប្រកបដោយជោគជ័យ លោក ទីវ តារារិទ្ធ ទូតសុឆន្ទៈទេសចរណ៍កម្ពុជាបានប្រកាសពីគម្រោងថ្មីមួយទៀត គឺការធ្វើដំណើររយៈពេល ៦ខែ ជុំវិញប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតរបស់ខ្មែរទៅកាន់ពិភពលោក។

ក្នុងសន្និសីទសារព័ត៌មានបិទបញ្ចប់បេសកកម្មជិះកង់ឆ្លងប្រទេស និងទ្វីបកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយមានវត្តមានឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ,តំណាងវិស័យឯកជន ព្រមទាំងតំណាងមូលនិធិគន្ធបុប្ផា និងតំណាងមន្ទីរពេទ្យកុមារអង្គរចូលរួមផងលោក ទីវ តារារិទ្ធ បានឱ្យដឹងថា លោកបានជួបពិភាក្សាជាមួយក្រសួងទេសចរណ៍ រួចរាល់ហើយលើគម្រោងថ្មីនេះ ដោយលោកនឹងចំណាយពេល ៦ខែ ធ្វើដំណើរសារជាថ្មី តាមរយៈការជិះកង់ និងជិះម៉ូតូ ដើម្បីផ្តិតយករូបភាព និងទេសភាពធម្ម​ជាតិដ៏អស្ចារ្យ មកបង្ហាញពិភពលោក។

ទន្ទឹមនឹងការប្រូម៉ូតតំបន់ទេសចរណ៍ លោកក៏នឹងចូលរួមផ្សព្វផ្សាយពីសារៈសំខាន់នៃការថែរក្សាបរិស្ថាន និងការអភិរក្សធនធាន​ធម្មជាតិ ដើម្បីធានានូវនិរន្តរភាពនៃវិស័យទេសចរណ៍សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកោតសរសើរលោក ទីវ តារារិទ្ធ ដែលបានប្រែក្លាយកង់មួយ​គ្រឿងទៅជាយាននៃក្តីសង្ឃឹម និងប្រែក្លាយឆន្ទៈបុគ្គលទៅជាមោទនភាពរបស់ប្រជាជាតិទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ទៅលោក ទីវ តារារិទ្ធ ថា ក្រសួងព័ត៌មាននឹងបន្តគាំទ្រ និងលើកទឹកចិត្តដល់គំនិតផ្តួចផ្តើម និង​បេសកកម្ម​មនុស្សធម៌នានា ដែលរួមចំណែកកសាងសង្គមកម្ពុជាឱ្យកាន់តែរឹងមាំប្រកបដោយមេត្តាធម៌ សាមគ្គីភាព និងការទទួលខុសត្រូវចំពោះគ្នាទៅវិញទៅមក ។

គួរបញ្ជាក់ថា លោក ទីវ តារារិទ្ធ ត្រូវបានក្រសួងទេសចរណ៍បានផ្តល់ជូនលោកជាទូតសុឆន្ទៈទេសចរណ៍កម្ពុជា ផងដែរ៕

អត្ថបទ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner