ថៃគ្រោងដោះលែងអ្នកនេសាទខ្មែរ៣នាក់នៅចុងខែនេះ ក្រោយទទួលការលើកលែងទោស
ឯកឧត្តម ចាន់ រតនា អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់បណ្ដាញព័ត៌មាន AMS នៅថ្ងៃអង្គារ៍ទី២៨កក្កដានេះថា ភាគីថៃគ្រោងដោះលែងអ្នកនេសាទខ្មែរចំនួន ៣នាក់នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។
ប៉ុន្តែអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបញ្ជាក់ថា ការដោះលែងនេះ មិនមែនភាគីថៃយល់ព្រមតាមការទាមទារពីភាគីកម្ពុជានោះទេ គឺក្រោយអ្នកសាទខ្មែរទាំង ៣នាក់ទទួលបានការលើកលែងទោស។
ឯកឧត្តមបន្តដូច្នេះថា ៖ ដោះលែងនឹងដោយសារកន្លងមកមានចូលឆ្នាំ មានចូលឆ្នាំខ្មែរចូលឆ្នាំថៃអីនឹង ចឹងជាទូទៅតាមនីតិវិធីរបស់គេរាល់ពេលដែលចូលឆ្នាំ ឬក៏ចម្រើនព្រះជនស្ដេចគេនឹងគេតែងតែសុំការលើកលែងទោសអ្នកទោសទូទៅ ដូច្នេះ៣នាក់ខ្មែរយើងនឹងក៏នៅក្នុងបញ្ជីដែលគេលើកលែងទោស បានន័យថាគេកាត់ចំនួនទោសដែលត្រូវបានលើកលែងនឹង ចឹងគាត់ត្រូវរួចត្រឹមថ្ងៃតី៣០ ខែ៧នេះ។
តុលាការខេត្តត្រាត ប្រទេសថៃ បានកាត់ទោសអ្នកនេសាទចំនួន ២នាក់ឱ្យជាប់ពន្ធនាគារចំនួន ៤ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ ៩ម៉ឺនបាត ឬស្មើប្រមាណ ១០លានរៀល និងអ្នកបើកទូកនេសាទម្នាក់ទៀត ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ១ឆ្នាំ៤ខែ និងពិន័យជាប្រាក់ជាង ១២ម៉ឺនបាត ឬស្មើប្រមាណ ១៤លានរៀល។ ពលរដ្ឋខ្មែរទាំងនេះត្រូវចោទប្រកាន់ពីបទ «ចូលដែនទឹកថៃ និងនេសាទខុសច្បាប់»។
ឯកឧត្តម ចាន់ រតនា បានគូសបញ្ជាក់ថា អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ ប្រទេសថៃ ដែលចុះសួរសុខទុក្ខពលរដ្ឋខ្មែរអ្នកនេសាទទាំង៣នាក់ បានផ្ដល់ព័ត៌មានមកថា ភាគីថៃនឹងដោះលែងពួកគេតាមច្រកព្រំដែនគោកអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។
សូមបញ្ជាក់ថា កម្មករនេសាទចំនួន ៣នាក់ត្រូវទាហានជើងទឹកថៃ ចាប់នៅក្បែរកោះយ៉រ ក្នុងខេត្តកោះកុង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅថ្ងៃដដែលនេះ ក្រសួងការបរទេសក៏បានចេញលិខិតតវ៉ាមួយ ដោយបញ្ជាក់ថា កងទ័ពជើងទឹកថៃបានបើកនាវារំលោភចូលដែនសមុទ្រកម្ពុជាដើម្បីចាប់អ្នកនេសាទទាំងនោះ។ កម្ពុជាអំពាវនាវឲ្យភាគីថៃបញ្ឈប់សកម្មភាពវាតទីចូលដែនសមុទ្រកម្ពុជាដោយគ្មានការអនុញ្ញាត និងបានទាមទារឲ្យកងទ័ពជើងទឹកថៃដោះលែងអ្នកនេសាទខ្មែរត្រឡប់មកវិញនៅពេលនោះផងដែរ៕
សេង បារាំង AMS



