លួចលិខិតឆ្លងដែនចំនួន១៨ក្បាលពីក្នុងផ្ទះសំណាក់ សមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ
ភ្នំពេញ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យស្រាវជ្រាវតាមចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពលួចលិខិតឆ្លងដែនរបស់ម្ចាស់ផ្ទះសំណាក់ កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ អានតា ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យចាប់ខ្លួនបាន ឈ្មោះ Li SHENGYUN ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលលេខ១០២ ក្នុងផ្ទះសំណាក់ អានតា ភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះឈ្មោះ Ling Xiang ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិចិន មុខរបរថៅកែផ្ទះសំណាក់អានតា ស្នាក់នៅក្នុង ផ្ទះសំណាក់ខាងលើ។ សម្ភារបាត់បង់ លិខិតឆ្លងដែនរបស់ភ្ញៀវចំនួន១៨ក្បាល ត្រូវបានដកហូតមកវិញចំនួន១៨ក្បាល។

ផ្អែកទៅលើកាមេរ៉ាសុវត្តិភាព ទើបកម្លាំងជំនាញឈានដល់ស្រាវជ្រាវ តាមចាប់ជនសង្ស័យបាន រួចនាំទៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ធ.ដ




