តំណាងរាស្ត្រមណ្ឌលសៀមរាប អញ្ជើញសម្ពោធសមិទ្ធផល និងបញ្ចុះសីមា វត្តប្រាសាទរង្សីត្រាំកង់
សមិទ្ធផលព្រះវិហារថ្មី និងសាលាឆាន់ ក្នុងវត្តប្រាសាទរង្សីត្រាំកង់ ស្ថិតនីភូមិត្រាំកង់ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានគោរពពិធីសម្ពោធ និងកាត់ឬសសីមា បើកដាក់ឲ្យប្រើប្រាស់ជាផ្លូវការទៅតាមពុទ្ធានុញ្ញាតថ្វាយប្រគេនព្រះសង្ឃ និងពុទ្ធបរិស័ទ ប្រជាពលរដ្ឋគោរពបូជា ទៅតាមគន្លងប្រពៃណីសាសនា កាលពីព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកក្រឡាញ់ និងលោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសង្ឃ ឯកឧត្តម លោកជំទាវ ព្រមទាំងអស់លោក លោកស្រីជាសមាជិកក្រុមការងារខេត្ត ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរស្រុក ឃុំ មន្ត្រីរាជ លោកគ្រូអ្នកគ្រូ ក្រុមយុវជនកាកបាទក្រហម យុវជនកាយរិទ្ធកម្ពុជា សីលវ័ន្ត សីលវតី និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

យោងតាមរបាយការណ៍របស់លោកស្រី ម៉ម មុនីរងី្ស អភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ បានលើកពីជីវប្រវត្តិនៃការបង្កើតវត្តប្រាសាទត្រាំកង់ នៅឆ្នាំ១៩៤៨ តែដោយឆ្លងកាត់សង្រ្គាមផងនោះ ពិសេសក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ទីវត្តនេះបានក្លាយទៅ ជាទីកន្លែងកងចល័ត ព្រមទាំងបានវាយបំផ្លិចបំផ្លាញគ្មានសល់។ ក្រោយជ័យជម្នះ៧មករា ១៩៧៩ ទីវត្តនេះត្រូវបានអាជ្ញាធរ និងពុទ្ធបរិស័ទបានធ្វើការរៀបចំឡើងវិញ ដើមី្បជាទីកន្លែងទីសក្ការៈបូជារបស់ប្រជាពុទ្ធបរិស័ទ តែក៏រងគ្រោះដោយការដុតបំផ្លិចបំផ្លាញ ពីក្រុមឧទ្ទាមខ្មែរក្រហមផងដែរ។

ក្រោមគោលនយោបាយឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាល ក្រោមកិច្ចដឹកនាំដ៏ឈ្លាវៃរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងអាណាចក្រ និងពុទ្ធចក្រ។ លោកស្រីបានបញ្ជាក់ផងដែរថា ព្រះវិហារថ្មី និងសាលាឆាន់នេះ កើតចេញឡើងដោយមហាកម្លាំងសាមគ្គីជាធ្លុងមួយ ទាំងព្រះសង្ឃ ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ និងសប្បុរសជន សំខាន់ក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ស្រុក ឃុំ ចំណាយថវិកាសរុប៦៥ពាន់៤២៩ដុល្លារ។

ថ្លែងទៅកាន់បងប្អូនប្រជាពុទ្ធបរិស័ទ្ធនាឱកាសនោះលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ បាននាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់បងប្អូនប្រជាពុទ្ធបរិស័ទនៅស្រុកក្រឡាញ់ ដោយក្តីនឹករលឹក និងយកចិត្តទុកដាក់ខ្ពស់ អំពីជីវភាពរស់នៅរបស់បងប្អូន។

ឯកឧត្តម បានគូសបញ្ជាក់ផងដែរថា ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យប្រទេស ជាតិយើងមានសុខសន្តិភាព និងមានកិច្ចអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ។ ដោយកត្តាសន្តិភាពនេះហើយ បានធ្វើឲ្យយើងធានាបានការសាងសង់ព្រះវិហារដ៏ស្កឹមស្កៃនៅចំពោះមុខនេះ។ ម៉្យាងទៀតពីមួយឆ្នាំទៅមួយឆ្នាំ វិស័យព្រះពុទ្ធសាសនា បានកំពុងមានការអភិវឌ្ឍរីកចម្រើន ហើយត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ និងលើកកម្ពស់ឡើង ទុកសម្រាប់ប្រជាពលរដ្ឋខ្មែរ យើងគោរពប្រតិបត្តិ ស្របទៅតាមទំនៀមទម្លាប់ប្រពៃណីជាតិតទៅអនាគត។

ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត បានកោតសរសើរចំពោះបងប្អូនប្រជាពុទ្ធបរិស័ទ និងសប្បុរសជនទាំងអស់ ដែលជាកម្លាំងមហាសាមគ្គីមួយដ៏រឹងមាំ ដែលបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួន ដើមី្បលើកស្ទួយវិស័យពុទ្ធចក្រ ឲ្យមានការអភិវឌ្ឍរីកចម្រើន ទុកជាផលប្រយោជន៍សម្រាប់ភិក្ខុសង្ឃ ប្រជាពុទ្ធបរិស័ទ ធ្វើបុណ្យ ក្នុងផ្លូវព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។
ឯកឧត្តមបានលើកទៀតថា កិច្ចអភិវឌ្ឍន៍រីកចម្រើនទៅបាន គឺស្តែងចេញពីការខិតខំរបស់សម្តេច គឺធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋកម្ពុជារស់នៅក្រោមដំបូលសុខសន្តិភាព ដើមី្បផ្តល់ឱកាសឲ្យបងប្អូនប្រជាពលរដ្ឋ មានសិទ្ធិធ្វើបុណ្យទានគ្រប់ពេលវេលា។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា គ្រប់សាសនាទាំងអស់ ដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា គឺពុំមានសាសនាណាមួយ ត្រូវបានចាប់បដិសន្ធិមុនគេនោះទេ គឺពិតជាត្រូវបានចារឹកទុកជាប្រវត្តិសាស្ត្រ គ្រប់បណ្តាសាសនាទាំងអស់នៅកម្ពុជា គឺត្រូវបានចាប់បដិសន្ធិក្នុង ថ្ងៃខែឆ្នាំតែមួយ។

នៅក្នុងឱកាសបុណ្យនោះ ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ នាំយកអំណោយសទ្ធាដ៏ថ្លៃថ្លា នៃសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមកសាងទីវត្តបន្ត នូវបច្ច័យ២០លានរៀល និងគណៈអភិបាលខេត្តសៀមរាប ២លានរៀល សម្រាប់វត្តប្រាសាទត្រាំកង់ ព្រមទាំងឧបត្ថម្ភដល់សីលវ័ន្តសីលវន្តីម្នាក់ក្រណាត់ស១ដុំ ប្រាក់១ម៉ឺនរៀល ក្រុមយុវជនកាកបាទក្រហម និង យុវជនកាយរិទ្ធកម្ពុជា ម្នាក់ៗ១ម៉ឺនរៀល លោកគ្រូអ្នកគ្រូ ម្នាក់ៗ៥ម៉ឺនរៀល និងប្រជាពលរដ្ឋដែលបានចូលរួម៣០០នាក់ម្នាក់ៗ សារុង១ផងដែរ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ