អាមេរិករំលឹកពីការសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ ហើយប្តេជ្ញាជួយពង្រឹងសន្តិភាពក្នុងតំបន់
ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានរំលឹកថា កាលពីឆ្នាំមុនការប្រយុទ្ធគ្នាតាមបណ្តោយព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យមានការបាត់បង់ជីវិត ការផ្លាស់ទីលំនៅរបស់គ្រួសារជាច្រើន និងភាពមិនច្បាស់លាស់សម្រាប់សហគមន៍ទាំងសងខាងនៃព្រំដែន។
ស្ថានទូតបានលើកឡើងថា បីខែក្រោយមក គឺនៅថ្ងៃទី២៨តុលា ឆ្នាំ២០២៥ លោកប្រធានាធិបតី ត្រាំ បានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរជាប្រវត្តិសាស្ត្រ ដែលបានបង្កើតជាគន្លងការទូតមួយសម្រាប់បញ្ចប់ការប្រយុទ្ធគ្នា និងដោះស្រាយបញ្ហាព្រំដែន ដែលកើតមានជាយូរមកហើយ។
សម្រាប់សហរដ្ឋអាមេរិក កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរនេះ នៅតែបន្តផ្តល់ឱ្យប្រទេសកម្ពុជា និងប្រទេសថៃ នូវវិធីសាស្ត្រជាក់ស្តែងដើម្បីកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះវិញ ហើយសហរដ្ឋអាមេរិកនៅតែបន្តប្តេជ្ញាចិត្តក្នុងការពង្រឹងសន្តិភាពដ៏យូរអង្វែងនេះ។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា វត្តមានសហរដ្ឋអាមរិកក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ រវាងកម្ពុជា និងថៃនេះ ជាផ្នែកដ៏សំខាន់ ដែលធ្វើឲ្យកម្ពុជា និងថៃឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់នៅពេលនោះ។
លោកបណ្ឌិតសង្ឃឹមថា សហរដ្ឋអាមរិកនឹងជួយជំរុញឲ្យភាគីថៃគោរពនូវកិច្ចព្រៀងទាំងឡាយ ហើយងាកមកដោះស្រាយព្រំដែនជាមួយកម្ពុជាដោយសន្តិវិធីផ្អែកតាមច្បាប់អន្តរជាតិ។
ដោយឡែក លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា សង្កេតឃើញថា សហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ ហើយគ្មានរដ្ឋបាលអាមេរិកណាមួយមានការប្តេជ្ញាចិត្តខ្លាំងដូចរដ្ឋបាលលោក ត្រាំ ក្នុងការគាំទ្រផលប្រយោជន៍នៃប្រទេសនីមួយៗលើបញ្ហាព្រំដែននោះទេ។
បើតាមលោក ឆាំង យុ កម្ពុជាគួរតែបន្តផ្តោតទៅលើអាទិភាពទាំងពីរគឺ សន្តិភាព និងសន្តិសុខព្រំដែន ហើយកម្ពុជាអាច និងគួរតែបន្តដាក់សម្ពាធលើប្រទេសថៃ ឱ្យគោរពកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក ព្រោះកងទ័ពថៃបានរំលោភបំពានកិច្ចព្រមព្រៀងនេះ តាមរយៈការបន្តកាន់កាប់ ទឹកដីកម្ពុជាដោយខុសច្បាប់៕
សេង បារាំង AMS

