សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំការដំឡើងស័ក្តិជូនវីរកងទ័ពជួរមុខ
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំឲ្យមានការរៀបចំការដំឡើងស័ក្តិ និងមេដាយជូនវីរកងទ័ពដែលបំពេញភារកិច្ច និងកំពុងឈរជើងនៅជួរមុខទាំងអស់ រួមទាំងកងទ័ព ដែលទើបចូលបម្រើការងារថ្មីហើយបានចូលរួមប្រយុទ្ធផ្ទាល់ការពារទឹកដីកាលឆ្នាំ២០២៥។
ការណែនាំនេះធ្វើឡើងនៅក្នុងពិធី “ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃពុធទី២៩ ខែកក្កដា ឆ្នាំ២០២៦នេះ។
ប្រមុខដឹកនាំរដ្ឋាភិបាលបានប្រាប់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ ឱ្យស្រង់ឈ្មោះយោធិន ជាពិសេសយោធិនទើបចូលបំពេញភារកិច្ចការពារទឹកដី ដែលបានប្រយុទ្ធ ជាមួយយោធាថៃ ចំនួន ២លើកនៅឆ្នាំ២០២៥ ដើម្បីរៀបចំការដំឡើងស័ក្តិជូនពួកគាត់។
បើតាមសម្តេច ហ៊ុន ម៉ាណែត រដ្ឋាភិបាលក៏នឹងរៀបចំមេដាយពិសេស «មេដាយសមរភូមិ» ដាច់ដោយ ឡែកពីមេដាយការពារជាតិ សម្រាប់យោធិនឈរជើងនៅជួរមុខគ្រប់ទិសផងដែរ។ ការរៀបចំបែបនេះ គឺដើម្បីលើកទឹកចិត្តដល់កងទ័ពទាំងអស់ដែលលះបង់កម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ដើម្បីបុព្វហេតុជាតិមាតុភូមិ៕
សេង បារាំង AMS

