ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី បន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងការវិនិយោគ

ខេត្តព្រះសីហនុ និងទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ ប្រទេសចិន បានបន្តពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគ។
 
ការប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះ ត្រូវបានលើកឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ និងលោក Zhou Wendong អភិបាលរងទីក្រុងអ៊ូស៊ី ដែលបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦។
 
ក្នុងជំនួបនេះ ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញពីសក្ដានុពលរបស់ខេត្តព្រះសីហនុដែលមានកោះចំនួន៣២ ឆ្នេរសមុទ្រប្រវែង ១៧៥គីឡូម៉ែត្រ និងធនធានធម្មជាតិដ៏សម្បូរបែប ដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
 
លោកអភិបាលខេត្តបានបញ្ជាក់ថា ខេត្តព្រះសីហនុមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ រួមមានផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងអភិវឌ្ឍជា៣ដំណាក់កាល ដោយគ្រោងបញ្ចប់នៅឆ្នាំ២០៣០ ហើយនឹងអាចទទួលនាវាផ្ទុកទំនិញទម្ងន់រហូតដល់ ១៦ម៉ឺនតោន។ ទន្ទឹមនឹងនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានតភ្ជាប់ជាមួយកំពង់ផែទីក្រុងអ៊ូស៊ី ខណៈអាកាសយានដ្ឋានអន្តរជាតិខេត្តមានជើងហោះហើរត្រង់ទៅកាន់ទីក្រុងអ៊ូស៊ី និងមានបណ្តាញផ្លូវជាតិ ផ្លូវល្បឿនលឿន និងផ្លូវដែកគាំទ្រការដឹកជញ្ជូន។
 
ឯកឧត្តម ម៉ាង ស៊ីណេត បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយផ្តោតលើតំបន់ដឹកជញ្ជូន និងឧស្សាហកម្ម ទីក្រុងពាណិជ្ជកម្ម និងសេវាកម្ម ព្រមទាំងតំបន់កោះ និងឆ្នេរសម្រាប់អភិវឌ្ឍទេសចរណ៍ធម្មជាតិ។
 
ជាមួយគ្នានេះ កម្មវិធីពិសេសលើកទឹកចិត្តការវិនិយោគ ដែលដាក់ឱ្យអនុវត្តតាំងពីឆ្នាំ២០២៤ ក៏ផ្តល់ការសម្របសម្រួលផ្នែករដ្ឋបាល និងការលើកលែងពន្ធមួយចំនួនរយៈពេលពី៣ដល់៥ឆ្នាំ ដើម្បីទាក់ទាញអ្នកវិនិយោគ។
 
លោក Zhou Wendong បានលើកឡើងថា ខេត្តព្រះសីហនុ និងក្រុងអ៊ូ ស៊ីមានទំនាក់ទំនងស្អិតរមួត ជាពិសេសទំនាក់ទំនងរវាងរាជរដ្ឋាភិបាលទាំងពីរ ហើយមិត្តភាពនេះ ចាប់ពីសម្តេចព្រះបរមរតនកោដ ព្រះនរោតម្ត សីហនុ រហូតមកសម្តេចតេជោ ហ៊ុន សែន បន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រកាន់យកគោលនយោបាយចិនតែមួយ។
លោកសង្ឃឹមថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះ សីហនុកាន់តែរីកធំធាត់ពីកម្រិត ២.០ ទៅ៣.០ នៅ ពេលខាងមុខ និងជួយជំរុញក្រុមហ៊ុន ពីទីក្រុងអ៊ូ ស៊ី មកកាន់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបន្ថែមទៀត៕
 

សៅ សុខអេង

ads banner