ស្ត្រីជនបង្កគ្រោះថ្នាក់ចរាចរណ៍ ត្រូវបានឃាត់ខ្លួន ក្រោយបុកស្លាប់បុរសម្នាក់នៅមុខផ្សារអ៊ីអន
ស្ត្រី ដែលបានបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់បាត់បង់ ហើយរត់គេខ្លួនពីកន្លែងកើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ជនបង្ក ឈ្មោះ សាម ម៉ីជូ បានបើកបររថយន្តបុកបុរសជិះម៉ូតូបណ្តាលឱ្យស្លាប់នៅនឹងកន្លែងកាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅមុខផ្សារទំនើបអ៊ីអន២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការទទួលផែនការងារនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ត្រីជាជនបង្កត្រូវបានឃាត់ខ្លួន ក្រោយពីឪពុកម្តាយបានសហការជាមួយសមត្ថកិច្ច ដើម្បីប្រគល់រូបគាត់មកដោះស្រាយតាមនីតិវិធី។
ឥរិយាបទរបស់ជនបង្កក្រោយគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានទទួលការចាប់អារម្មណ៍ និងការរិះគន់យ៉ាងខ្លាំងពីមហាជន ដែលបានសម្តែងក្តីអាណិតអាសូរដល់ក្រុមគ្រួសារជនរងគ្រោះ ចំពោះការបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់។ ស្ត្រីបង្កត្រូវបានគេស្គាល់ថា ជាកូនស្រីរបស់ឧកញ៉ា តុង ហុកសេង ដែលជាពាណិជ្ជករមួយរូប។
ចំណែកជនរងគ្រោះបើកបរម៉ូតូដែលស្លាប់ មានឈ្មោះ គួច លីមហាន អាយុ៣៥ឆ្នាំ ជាបុគ្គលិកផ្នែកភូគព្ភសាស្ត្រនៃមន្ទីរពិសោធន៍សំណង់ និងសាធារណការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមមាត្រា៨៥នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បុគ្គលដែលបានបើកបរធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឱ្យស្លាប់អ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធធនាគារពី១ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល និងត្រូវផ្ដន្ទាទោសបន្ថែមមួយ ឬច្រើនក្នុងករណីរត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕
សៅ សុខអេង



