សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ការប្រើប្រាស់សិទ្ធិ និងសេរីភាពត្រូវមានទំនួលខុសត្រូវ និងកំណត់ដោយច្បាប់
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងសិទ្ធិសេរីភាពជាមូលដ្ឋាន ដោយផ្អែកលើច្បាប់ជាតិ និងលិខិតូបករណ៍អន្តរជាតិនានា ជាពិសេសការលើកកម្ពស់សិទ្ធិទទួលបានសេវាថែទាំសុខភាព និងការអប់រំជាដើម។
សម្តេចធិបតីមានប្រសាសន៍បែបនេះនៅក្នុងជំនួបជាមួយលោក ថម អេនឌ្រូ (Tom Andrews) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាពសិទិ្ធមនុស្សនៅកម្ពុជា នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦នេះ។
ប្រមុខដឹកនាំរដ្ឋាភិបាលបានសង្កត់ធ្ងន់ថា ការប្រើប្រាស់សិទ្ធិ និងសេរីភាព ត្រូវធ្វើឡើងប្រកបដោយការទទួលខុសត្រូវ និងស្របតាមដែនកំណត់នៃច្បាប់។ សម្ដេចបន្ថែមថា ទោះជាប្រទេសតូច ឬធំក្តី ការអនុវត្តច្បាប់ និងការលើកកម្ពស់សិទ្ធិមនុស្ស គឺត្រូវស្ថិតនៅក្រោមច្បាប់ ហើយប្រទេសនីមួយៗសុទ្ធតែមានលក្ខណៈពិសេសផ្សេងៗពីគ្នា។
នៅក្នុងជំនួបនោះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ បានកោតសរសើរចំពោះកម្ពុជា ដែលបានទទួលយកលិខិតូបករណ៍ពាក់ព័ន្ធនឹងសិទ្ធិមនុស្សចំនួន ៨ លើ ៩ ហើយបានបញ្ជាក់ពីការប្តេជ្ញាចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយកម្ពុជា ក្នុងស្មារតីស្ថាបនា ដោយផ្អែកលើច្បាប់ជាតិ និងអន្តរជាតិ។
លោក ថម អេនឌ្រូ (Tom Andrews) បានជម្រាបជូនសម្តេចធិបតីថា ក្នុងដំណើរបំពេញបេសកកម្មការងារនេះ លោកបានជួបពិភាក្សាការងារជាមួយឥស្សរជនជាន់ខ្ពស់, តំណាងក្រសួងស្ថាប័ន, អង្គការសង្គមស៊ីវិល និងបានបំពេញទស្សនកិច្ចនៅជំរុំជនភៀសសឹក ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ។
ពាក់ព័ន្ធបំពេញបេសកកម្មការងារនៅកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តឱ្យអ្នករាយការណ៍ពិសេស បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងសរសេររបាយការណ៍ ដោយផ្អែកលើព័ត៌មានគ្រប់ជ្រុងជ្រោយ និងពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ សំដៅរួមចំណែកដល់ការអនុវត្ត និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត។
នៅក្នុងជំនួបនោះដែរ សម្ដេចក៏បានជម្រាបជូនលោក Thomas Andrews អំពីការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ។
រីឯលោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការជួយសង្គ្រោះ និងគាំទ្រជនភៀសសឹកដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបានផងដែរ៕
សេង បារាំង AMS







