លោក Medvedev ថា លោកខាងលិច ខ្ចីដៃ អ៊ុយក្រែន ដើម្បីបំផ្លាញ រុស្សី
មូស្គូ ៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី លោក Dmitry Medvedev បាននិយាយរិះគន់មិនសំចៃមាត់ថា បណ្តាប្រទេសលោកខាងលិច ដែលមិនចូលចិត្តទីក្រុងមូស្គូ កំពុងព្យាយាមខ្ចីដៃអ៊ុយក្រែន ដើម្បីបំផ្លាញរុស្ស៊ីដោយបើកចំហរ ។
ថ្លែងក្នុងវេទិកា Territory of Meanings កាលពីថ្ងៃពុធ, លោក Medvedev បញ្ជាក់ថា ឥឡូវនេះ នៅប៉ែកលោកខាងលិច ពួកគេកំពុងប្រើប្រាស់អ៊ុយក្រែន ធ្វើជាឧបករណ៍បំផ្លាញសហព័ន្ធរុស្ស៊ី ដោយឥតលាក់លៀម ។
អ្នកនយោបាយជាន់ខ្ពស់រុស្ស៊ីវ័យ ៦០ ឆ្នាំរូបនេះ អះអាងទៀតថា សម្រាប់ជនជាតិរុស្ស៊ី ចាប់ពីពេលនេះតទៅ ត្រូវតែមានភារកិច្ចរួមមួយ ដើម្បីជួយសង្គ្រោះប្រទេសជាតិរបស់យើង ។
បើតាមអតីតនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះ, លោកខាងលិចបានព្យាយាមបង្កព្យុះភ្លៀង
ដល់ប្រទេសរុស្ស៊ី តាំងពីយូរយារណាស់មកហើយ ពីព្រោះពួកគេមិនចូលចិត្ត ដែលឃើញរុស្ស៊ីមានកងកម្លាំងខ្លាំងក្លា ពោរពេញដោយមោទនភាព និងភាពម្ចាស់ការលើខ្លួនឯង ។
យ៉ាងណា ការបរាជ័យក្នុងការប៉ុនប៉ងបង្ក្រាបសហព័ន្ធរុស្ស៊ី បានបង្កឱ្យមានការខកចិត្តយ៉ាងខ្លាំង ក្នុងចំណោមប្រមុខ និងអ្នកនយោបាយបរទេសរបស់ប្រទេសលោកខាងលិច ។
ទំនាស់រវាងលោកខាងលិច និងរុស្ស៊ី បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៤ បន្ទាប់ពីទីក្រុងមូស្គូបានកាត់យកឧបទ្វីបCrimea ពីអ៊ុយក្រែន និងការគាំទ្ររបស់រុស្ស៊ីដល់ក្រុមបំបែករដ្ឋនៅតំបន់ Donbas ។
ជម្លោះនេះកាន់តែរីករាលដាលខ្លាំង និងឈានដល់កម្រិតធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២ នៅពេលដែលរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំចូលក្នុងទឹកដីអ៊ុយក្រែន ។
សង្គ្រាមនេះបានធ្វើឱ្យលោកខាងលិចសម្រេចចិត្តកាត់ផ្ដាច់ទំនាក់ទំនងសេដ្ឋកិច្ច ថាមពល និងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ប្រឆាំងនឹងរុស្ស៊ីមកទល់សព្វថ្ងៃ ៕
ប្រភព ៖ IZ Russia ប្រែសម្រួល ៖ ឈឹម ទីណា

