ចំនួនសហគ្រាសធុនតូច និងមធ្យមកើនឡើង៤០%ក្នុងរយៈពេល៦ខែឆ្នាំនេះ

ឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍បានប្រាប់បណ្ដាញ ព័ត៌មាន AMS ថា នៅក្នុងឆមាសទី១ឆ្នាំ២០២៦នេះ មានសហគ្រាសធុនតូច និងមធ្យម (SME) ដែលទើបបង្កើតថ្មីសរុបចំនួន ៨៧៦ គឺកើនឡើងរហូតដល់ប្រមាណ ៤០% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ។
 
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា សហគ្រាសកើតថ្មីច្រើនជាងគេ គឺផ្នែកអាហារ និងភេសជ្ជៈដែលមានចំនួន ៤៥១ មូលដ្ឋាន បន្ទាប់មកផ្នែកឧស្សា ហកម្មគីមី កៅស៊ូ និងផ្លាស្ទិចចំនួន ១៩៩មូលដ្ឋាន និងផ្នែកឧស្សាហម្មតម្បាញកាត់ដេរកាបូប និងស្បែកជើង ដែលមានចំនួន ៨១មូលដ្ឋាន។
 
ស្របពេលសហគ្រាសធុនតូច និងមធ្យមមានការកើនឡើងខ្លាំង ការបានត្អូញ ត្អែរ ពីបញ្ហាស្មុគស្មាញនៃការចុះបញ្ជីអាជីវកម្មក៏កើតមានច្រើនផងដែរ។នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ កក្កដា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសមូរដៃអាវជំរុញការដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់ SME។
 
ប្រមុខដឹកនាំរដ្ឋាភិបាលបានណែនាំឱ្យក្រសួងស្ថាប័ន ពាក់ព័ន្ធទាំងអស់ត្រូវភ្ជាប់សេវាឌីជីថលរបស់ខ្លួនក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (Cam-DX) ឱ្យរួច រាល់ នៅដំណាច់ខែកញ្ញាខាងមុខ ដើម្បីឱ្យម្ចាស់សហគ្រា ស អាជីវកម្មអាចដាក់ឯកសារចុះបញ្ជីនានាបាននៅកន្លែងតែមួយ និងមានពេលកំណត់ច្បាស់លាស់។
 
សម្ដេចសង្កត់ធ្ងន់ថា បញ្ហា SME នេះ ជារឿងចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ ដើម្បីផលប្រយោជន៍ជាតិ និងសេដ្ឋកិច្ច ស្របពេលដែលប្រទេសជាតិកំពុងជួបវិបត្តិសង្រ្គាមព្រំដែន ដែលកំពុងមានតម្រូវការលើវិស័យនេះ។
 
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចមួយរូបនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា វិស័យ SME ជាវិស័យមួយជួយបង្កើតការងារជូនប្រជាពលរដ្ឋ និងបង្កើនប្រាក់ចំណូលចូលសេដ្ឋកិច្ចជាតិយ៉ាងធំ និងជាពិសេសជួយទប់ទល់នូវទំនិញនាំចូលពីបរទេស។
 
គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៦នេះ មានសហគ្រាសធុនតូច និងមធ្យមសរុបចំនួន ៤ម៉ឺន ៤ពាន់ ៣៨១មូលដ្ឋាន ដែលបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍។ នេះបើតាមឯកឧត្តម ហេង សុខគង់ អ្នកនាំពាក្យក្រសួងឧស្សាហកម្ម៕
 
 សេង បារាំង AMS

ads banner