អ្នករាយការណ៍ពិសេស អ.ស.ប៖ ជនភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ នៅតែពុំទាន់អាចត្រឡប់ទៅលំនៅឋានវិញ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប)ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ថូម៉ាស់ អាន់ឌ្រូ(Thomas Andrews) បានបញ្ចប់បេសកកម្មផ្លូវការលើកដំបូងរយៈពេល១២ថ្ងៃនៅកម្ពុជាជាមួយនឹងទទួលស្គាល់ថាកម្ពុជាមានជនភៀសសឹកជាង២ម៉ឺននាក់ពុំទាន់អាចវិលត្រឡប់ទៅផ្ទះវិញ។លោកបានលើកឡើងអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ។
ក្នុងសន្និសីទសារព័ត៌មាននៅសណ្ឋាគារហ៊ីម៉ាវ៉ារី នារសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលជាថ្ងៃបញ្ចប់បេសកកម្មរបស់លោក ,លោក ថូម៉ាស់ អាន់ឌ្រូ អ្នករាយការណ៍ពិសេសអ.ស.ប បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការទទួលស្វាគមន៍ និងការសម្រួលឱ្យមានការចូលជួបពិភាក្សាដោយសេរី ត្រឹមត្រូវ និងគ្មានការរឹតត្បិត។លោកបន្តថា ក្នុងអំឡុងពេលនៃបេសកកម្មនេះ លោកបានចុះពិនិត្យស្ថានភាពផ្ទាល់នៅតាមពន្ធនាគារ ជំរំជនភៀសខ្លួន និងតំបន់ព្រំដែន ព្រមទាំងបានជួបជជែកជាមួយភាគីពាក់ព័ន្ធជាច្រើន រួមមាន អ្នកនយោបាយប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនបរិស្ថាន តំណាងអង្គការសង្គមស៊ីវិល អ្នកសារព័ត៌មាន បុគ្គលិកមនុស្សធម៌ និងអ្នកការទូត។
ពាក់ព័ន្ធនឹងស្ថានភាពនៅតំបន់ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីបានចុះផ្ទាល់ទៅដល់តំបន់ព្រំដែន និងជួបផ្ទាល់ជាមួយអាជ្ញាធរដែនដី ,ប្រជាពលរដ្ឋរងគ្រោះដែលបានរៀបរាប់ទាំងទឹកភ្នែកអំពីការបាត់បង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិដោយសារការទម្លាក់គ្រាប់បែក,
អ្នករាយការណ៍ពិសេសបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិដែលជាសសរស្ដម្ភដ៏សំខាន់ក្នុងការដោះស្រាយជម្លោះ។លោកថា ក្នុងដំណើរទស្សនកិច្ចទៅកាន់តំបន់ជាយក្រុង លោកបានមើលឃើញដោយផ្ទាល់នូវរបងលួសបន្លា ផ្ទះសម្បែងដែលមានស្នាមគ្រាប់ រោងជាង និងឃ្លាំងដែលខូចខាត ព្រមទាំងគ្រាប់បែកមិនទាន់ផ្ទុះផងដែរ។
អ្នករាយការណ៍ពិសេសបានរំលឹកថា យោងតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងឈប់បាញ់កាលពីថ្ងៃទី ២៧ ខែធ្នូ ជនស៊ីវិលដែលបាត់បង់ទីលំនៅមានសិទ្ធិត្រឡប់ទៅផ្ទះ និងមុខរបរចិញ្ចឹមជីវិតវិញដោយសុវត្ថិភាព។ ដូច្នេះភាគីកម្ពុជា និងថៃ ត្រូវតែធ្វើការរួមគ្នាដើម្បីពន្លឿនដំណើរការនេះ។
តំណាង អ.ស.ប រូបនេះក៏បានថ្លែងផងដែរថា ជម្លោះព្រំដែននេះ មិនត្រឹមតែបង្កឱ្យមានការបាត់បង់ទីលំនៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបណ្តាលឱ្យពលករចំណាកស្រុកកម្ពុជាជាង ៩០ម៉ឺននាក់ត្រូវត្រឡប់មកពីប្រទេសថៃវិញ ។លោកបន្ថែមថា ការបិទច្រកព្រំដែនបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ និងសហគមន៍តាមព្រំដែនដែលពឹងផ្អែកលើពាណិជ្ជកម្ម កសិកម្ម។ វិស័យអប់រំ និងសេវាសុខាភិបាលនៅតាមតំបន់ព្រំដែនត្រូវបានរំខានយ៉ាងខ្លាំង។
អ្នករាយការណ៍ពិសេសអ.ស.ប បានបញ្ជាក់នូវការត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយរដ្ឋាភិបាលកម្ពុជា និងថៃ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសិទ្ធិមនុស្សតាមរយៈការដោះស្រាយជម្លោះដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ដូចដែលសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីពាក់ព័ន្ធបានសង្កត់ធ្ងន់ ក៏ដូចជាដើម្បីស្តារស្ថិរភាព និងឱកាសសេដ្ឋកិច្ចជូនប្រជាពលរដ្ឋឡើងវិញ។
សូមជម្រាបថា ផ្អែកលើទិន្នន័យជាក់ស្តែង ប្រជាពលរដ្ឋកម្ពុជាប្រមាណ ៦៥0,០០០ នាក់ ត្រូវបានផ្លាស់ទីលំនៅចេញពីតំបន់ព្រំដែនកាលពីចុងឆ្នាំ២០២៥ក្នុងនោះ ២ម៉ឺននាក់នៅតែបន្តបាត់បង់ទីលំនៅ និងមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ដោយសារមានវត្តមានទាហានថៃ ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ហេង សម្បត្តិ





