សម្តេចតេជោ ស្នើឱ្យសមត្ថកិច្ចចាត់វិធានការលើបុគ្គលដែលជេរប្រមាថគ្នានៅតាមបណ្តាញសង្គម
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានណែនាំដល់ស្ថាប័នជាតិ ក្រសួងពាក់ព័ន្ធ ត្រូវចាត់វិធានការចំពោះជនទាំងឡាយណាដែលបំផ្លាញសេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គមខ្មែរ។
សម្តេចតេជោ បានព្រមានឱ្យចាត់វិធានការនេះនៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីករណីស្ត្រីម្ចាស់លក់ទូរសព្ទតាមអនឡាញម្នាក់បានជេរប្រមាថលើកងទ័ពជួរមុខ ហើយត្រូវបានបញ្ជូនទៅកាន់តុលាការនៅព្រឹកថ្ងៃសុក្រនេះ។
ជាមួយគ្នានេះ សម្តេចតេជោក៏បានស្នើឱ្យមានការអន្តរក្រសួងពាក់ព័ន្ធបង្កើតក្រុមមួយ ដែលមានយន្តការតាមដានលើបុគ្គលដែលបានជេរប្រមាថ ហែកហួរគ្នានៅតាមបណ្តាញសង្គម ជាពិសេសករណីប្តីប្រពន្វហែកហួរគ្នាតាមបណ្តាញសង្គមហ្វេសប៊ុក។
សម្តេចតេជោ បានទទូចម្តងហើយម្តងទៀតថា ប្តីប្រពន្ធដែលបានបែកបាក់គ្នាទៅហើយ សូមកុំមានការហែកកេរ្តិ៍គ្នា តាមបណ្ដាញសង្គមទៀតអី ព្រោះទង្វើនេះជាគំរូដ៏អាក្រក់ និងធ្វើឱ្យបាត់បង់កិត្តិយស ជាពិសេសដល់កូនចៅ។
ពាក់ព័ន្ធនឹងករណីស្ត្រី ដែលប្រើពាក្យអសុរោះលើកងទ័ពជួរមុខ សម្តេចតេជោក៏បានសម្តែងការមិនពេញចិត្តដែរ ព្រោះនេះជាទង្វើដែលសង្គមស្អប់ខ្ពើម។ សម្តេចបញ្ជាក់ថា រឿងនេះមិនអាចព្រងើយកន្តើយបានឡើយ។
ទន្ទឹមនេះ សម្តេចប្រធានព្រឹទ្ធសភា បានណែនាំឱ្យក្រសួងពាក់ព័ន្ធរៀបចំក្រុមការងារមួយ ដើម្បីតាមដានករណីជេរប្រមាថ និងការប្រើប្រាស់ពាក្យសម្តីជេរប្រមាថគ្នាតាមបណ្តាញសង្គម ដែលឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សីលធម៌សង្គម និងតម្លៃស្ត្រីខ្មែរ៕
សៅ សុខអេង


