សម្ដេចធិបតីបង្ហើបពីគម្រោងសហការជាមួយកូនស្រីលោក កឹម សុខា ដើម្បីឧត្តមប្រយោជន៍ជាតិ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឲ្យអ្នកនាង កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា ចូលជួបនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦នេះ។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានបង្ហោះរូបនៃជំនួបដ៏កម្រជាមួយកូនស្រីអតីតមេបក្សប្រឆាំងនេះនៅលើបណ្តាញសង្គមផ្លូវការ ដោយបញ្ជាក់យ៉ាងខ្លីថា៖ «ថ្ងៃនេះបានជួបជជែកគ្នាជាមួយប្អូនស្រី កឹម មនោវិទ្យា។ ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា គឺមានកិច្ចការមួយចំនួនដែលយើងអាចរួមសហការគ្នាធ្វើ ដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើង ជាពិសេសនៅលើឆាកអន្តរជាតិ»។
ពាក់ព័ន្ធនឹងជំនួបនេះ លោក ផែង ហេង មេធាវីការពារក្ដីលោក កឹម សុខា យល់ឃើញថា យើងជាខ្មែរក៏ចង់បានការរួបរួមជាតិពិតប្រាដកដែរ ដើម្បីភាពរឹងមាំនៃនគរខ្មែរយើង។
ដោយឡែក លោកបណ្ឌិត មាស នី អ្នកវិភាគនិងឃ្លាំមើលការអភិវឌ្ឍសង្គម បានសាទរចំពោះជំនួបនេះ ដោយលោកចាត់ទុកជំនួបរវាងអ្នកនយោបាយជំនាន់ថ្មីនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់ឈានទៅរកការផ្សះផ្សារជាតិ។
សូមបញ្ជាក់ថា ជំនួបសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកនាង កឹម មនោវិទ្យា នៅពេលនេះ គឺកើតឡើងក្រោយពីព្រះមហាក្សត្រប្រោសប្រទានលើកលែងទោសឱ្យលោក កឹម សុខា ដែលតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំពីបទសន្ទិដ្ឋិភាពជាមួយបរទេស ៕
