ជិះកង់ពីភ្នំពេញទៅភ្នំដា ដើម្បីលើកកម្ពស់ទេសចរណ៍បេតិកភណ្ឌ និងចលនាសប្បុរសធម៌

ព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» បានបង្ហាញពីការបង្កើតផលិតផលទេសចរណ៍ ដែលផ្សារភ្ជាប់រវាងកីឡា បេតិកភណ្ឌ ធម្មជាតិ បរិស្ថាន និងសហគមន៍ ដើម្បីបង្កើតបទពិសោធន៍ថ្មីៗ ជំរុញចលនាទេសចរណ៍ក្នុងស្រុក និងអន្តរជាតិ។

អ្នកជិះកង់ប្រមាណ ៨០០នាក់ មានទាំងជនជាតិខ្មែរ និងបរទេស បានចូលរួមក្នុងព្រឹត្តិការណ៍ «ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា» ដោយចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ប្រាសាទភ្នំដា ខេត្តតាកែវ លើចម្ងាយផ្លូវប្រមាណ ១៧៩គីឡូម៉ែត្រ កាលពីថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២៦។ ​

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា នេះជាលើកទី៤ហើយ ដែលក្រសួងទេសចរណ៍បានសហការរៀបចំ និងសម្របសម្រួលព្រឹត្តិការណ៍ជិះកង់នេះ ដើម្បីផ្សព្វផ្សាយតំបន់ទេសចរណ៍វប្បធម៌ បេតិកភណ្ឌ និងធម្មជាតិ ជាពិសេសប្រាសាទភ្នំដា ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏សំខាន់មួយរបស់ខេត្តតាកែវ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការជិះកង់នេះមិនត្រឹមតែជាសកម្មភាពកីឡា ដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមធ្យោបាយដែលអនុញ្ញាតឱ្យអ្នកចូលរួមស្វែងយល់ដោយផ្ទាល់ពីធម្មជាតិ ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ។

ជាមួយគ្នានេះ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា ការជ្រើសរើសកង់ជាមធ្យោបាយធ្វើដំណើរ គឺជាការលើកកម្ពស់ការធ្វើដំណើរដែលមានភាពស្និទ្ធស្នាលជាមួយបរិស្ថាន កាត់បន្ថយការបំពុល និងជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន ចូលរួមក្នុងសកម្មភាពដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាព និងបរិស្ថាន។​ ឯកឧត្តមសង្ឃឹមថា សកម្មភាពនេះនឹងក្លាយជាគំរូមួយសម្រាប់ការចូលរួមជាមួយសហគមន៍ ក្នុងការលើកកម្ពស់ទេសចរណ៍ក្នុងស្រុក និងការអភិរក្សបរិស្ថាន និងបេតិកភណ្ឌវប្បធម៌។

ចំណែកលោក ឈួន សុភ័ក្រសាដា ប្រធានក្លឹបអ្នកជិះកង់ចម្រុះអូដាកកម្ពុជា ដែលបានចូលរួមរៀបចំព្រឹត្តិការណ៍នេះ ជឿជាក់ថា ដំណើរជិះកង់ទៅកាន់ប្រាសាទភ្នំដា នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍ និងតំបន់បេតិកភណ្ឌរបស់កម្ពុជា។

ក្រៅពីជំរុញសកម្មភាពកីឡា និងផ្សព្វផ្សាយទេសចរណ៍ កម្មវិធី«ជិះកង់ដើម្បីទេសចរណ៍បៃតងភ្នំដា»ក៏បានបំផុសសកម្មភាពសង្គម និងសប្បុរសធម៌ ដែលជាការលើកកម្ពស់ស្មារតីចែករំលែក តាមរយៈការដាំដើមឈើ និងចែកសម្ភារៈសិក្សាដល់សិស្សផងដែរ៕​

រូបភាព៖ ជីម ភារ៉ា
អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner