អូស្ត្រាលី ប្រកាសបើកដៃឲ្យ ជប៉ុន បាញ់មីស៊ីលល្បឿនលឿនជាងសំឡេងចេញពីទឹកដីខ្លួន
កង់បេរ៉ា ៖ អូស្ត្រាលី កាលពីថ្ងៃអង្គារនេះ បានប្រកាសបើកដៃឲ្យ ជប៉ុន អាចធ្វើការបាញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង និង គ្រាប់រ៉ុក្កែតផ្សេងៗទៀត នៅលើទឹកដីរបស់ខ្លួន ស្របពេលដែលសម្ព័ន្ធមិត្តទាំងពីរកំពុងពង្រឹងកិច្ចសហប្រតិបត្តិការយោធា ឲ្យកាន់តែស៊ីជម្រៅ រួមទាំង ការអភិវឌ្ឍរួមគ្នា នូវប្រព័ន្ធឡាស៊ែរផងដែរ។
ថ្លែងនៅចំពោះមុខសមភាគីជប៉ុន នៅក្នុងទីក្រុងកង់ប៊េរ៉ា, លោក Richard Marles រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានប្រកាសថា «កិច្ចព្រមព្រៀងនេះនឹងបង្កើតឱ្យមានការរៀបចំដ៏ល្អប្រសើរ និងជឿនលឿនជាងមុន រវាងអូស្ត្រាលី និងជប៉ុន សម្រាប់ការប្រើប្រាស់ទីលានសាកល្បងមីស៊ីលរបស់អូស្ត្រាលី ពីសំណាក់ជប៉ុន ក្នុងរយៈពេល ១ទសវត្សរ៍ខាងមុខ»។
ជាមួយនឹងការស្វាគមន៍ ចំពោះវិធានការនេះ, លោក Shinjiro Koizumi រដ្ឋមន្ត្រីការពារជាតិជប៉ុន បានមានប្រសាសន៍ថា «ប្រសិនបើកងកម្លាំងស្វ័យការពារជប៉ុន អាចធ្វើតេស្តបាញ់សាកល្បងមីស៊ីលវាយប្រហារពីចម្ងាយ ដូចជា មីស៊ីលល្បឿនលឿនជាងសំឡេង នៅប្រទេសអូស្ត្រាលីបាននោះ វាប្រាកដជាការវិវត្តន៍ដ៏សំខាន់មួយ មិនធ្លាប់មាន…ដូច្នេះ យើងនឹងពន្លឿនការពិភាក្សា ដើម្បីសម្រេចឱ្យបាននូវគោលដៅមួយនេះ»។
បើតាម AFP, អូស្ត្រាលី និង ជប៉ុន បានបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិ ខណៈពេលដែលប្រទេសទាំងពីរកំពុងតាមដានការកើនឡើងឥទ្ធិពលរបស់ចិន ហើយក៏កំពុងយកចិត្តទុកដាក់លើតម្រូវការរបស់អាមេរិក ដែលចង់ឱ្យសម្ព័ន្ធមិត្តក្នុងតំបន់ ចំណាយថវិកាកាន់តែច្រើន លើវិស័យយោធារបស់ពួកគេ។
កាលពីឆ្នាំមុន ប្រទេសទាំងពីរបានឯកភាពលើកិច្ចព្រមព្រៀងនាំចេញអាវុធធំបំផុតមួយរបស់ជប៉ុន ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយក្នុងនោះ អូស្ត្រាលីនឹងចំណាយប្រាក់ ប្រមាណ ៦ពាន់លានដុល្លារអាមេរិក ដើម្បីទិញកងនាវាមុជទឹក ឬ នាវាចម្បាំងបំបាំងកាយ ពីទីក្រុងតូក្យូ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។
លោក Marles និង លោក Koizumi បានថ្លែងផងដែរថា អូស្ត្រាលី និងជប៉ុន ក៏បានឯកភាពសហការលើគម្រោងកិច្ចសហប្រតិបត្តិការការពារជាតិថ្មីមួយ ឈ្មោះថា «Boobook» ដោយផ្តោតលើការអភិវឌ្ឍរួមគ្នា នូវសមត្ថភាពប្រព័ន្ធឡាស៊ែរកម្រិតខ្ពស់ ដើម្បីស្វែងរកការគំរាមកំហែងផ្សេងៗ ទាំងនៅលើគោក ក៏ដូចជា ប្រតិបត្តិការ នៅតាមឆ្នេរសមុទ្រ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត