ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញពង្រឹងការការពារឯករាជ្យ ក្រោយលោក Trump បញ្ជាកាត់បន្ថយសមយុទ្ធយោធារួមគ្នា
សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung នៅថ្ងៃ អង្គារ បានជំរុញឱ្យមានការពង្រឹងសមត្ថភាពការការពារឯករាជ្យកាន់តែខ្លាំង ក្រោយប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធាជាមួយកូរ៉េខាងត្បូង ។
បើតាម NBC News, លោកប្រធានាធិបតី Lee បានបញ្ជាក់ច្បាស់ៗថា កូរ៉េខាងត្បូងមិនមានបំណងប្រើប្រាស់ការបញ្ចេញសាច់ដុំយោធា ដើម្បីត្រៀមខ្លួនវាយប្រហារកូរ៉េខាងជើង ឬបង្កើនភាពតានតឹងផ្នែកយោធានៅលើឧបទ្វីបកូរ៉េឡើយ ។
ផ្ទុយទៅវិញ គោលបំណងរបស់សមយុទ្ធយោធាទាំងនោះ គឺដើម្បីការពារអាយុជីវិតប្រចាំថ្ងៃរបស់ប្រជាជន ជាជាងការកំណត់គោលដៅភាគីណាមួយជាសត្រូវ នេះបើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង ។
យ៉ាងណា កូរ៉េខាងជើងតែងតែចាត់ទុកសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង-អាមេរិកថា ជា “ការហាត់សមសម្រាប់សង្គ្រាមឈ្លានពាន” ប្រឆាំងនឹងទឹកដីរបស់ខ្លួន ។
តួយ៉ាង ជុំវិញការរៀបចំសមយុទ្ធខ្នាតធំ “Ulchi Freedom Shield” ក្នុងខែសីហាឆ្នាំនេះ កូរ៉េខាងជើងបានប្រកាសថ្កោលទោសជាថ្មីម្តងទៀត ហើយព្រមានធ្ងន់ៗថា នឹងចាត់វិធានការឆ្លើយតបយ៉ាងម៉ឺងម៉ាត់បំផុត ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាការគំរាមកំហែងដល់សន្តិសុខជាតិ ៕


ប្រភព ៖ NBC News ប្រែសម្រួល ៖ ឈឹម ទីណា