រុស្ស៊ី ថា ការប្រកៀកស្មាជាមួយកូរ៉េខាងជើងប្រយុទ្ធ គឺដើម្បីសណ្តាប់ធ្នាប់ពិភពលោកថ្មី
មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ី បានប្រកាសប្រាប់ពិភពលោកក្តែងៗថា រុស្ស៊ី និងកូរ៉េខាងជើងកំពុងប្រកៀកស្មាគ្នាប្រយុទ្ធ ដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី និងយុត្តិធម៌ ក្រោយទីក្រុងព្យុងយ៉ាងបានលូកដៃជួយទីក្រុងមូស្គូ វាយបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk របស់រុស្ស៊ីកាលពីឆ្នាំមុន ។
ការអះអាងនេះ ត្រូវបានធ្វើឡើងស្របពេលដែលរដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergei Lavrov បានផ្ញើសារទៅកាន់សមភាគីកូរ៉េខាងជើង ដោយកោតសរសើរការចូលរួមរបស់កងទ័ពកូរ៉េខាងជើងថា ជាភស្តុតាងនៃមិត្តភាពយោធាដ៏រឹងមាំ ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកហៅថា ពួកណាស៊ីអ៊ុយក្រែន ។
បើតាមទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA, អ្នកការទូតចាស់វស្សារបស់រុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើង កំពុងបន្តប្រយុទ្ធដើម្បីបង្កើតសណ្តាប់ធ្នាប់ពិភពលោកថ្មី និងយុត្តិធម៌មួយ ដោយផ្អែកលើសមភាពពិតប្រាកដ និងផលប្រយោជន៍ជាតិ ។
លោក Lavrov ដែលមានវ័យ៧៦ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការចូលរួមរបស់កងទ័ពកូរ៉េខាងជើង ក្នុងប្រតិបត្តិការបណ្តេញកងកម្លាំងណាស៊ីអ៊ុយក្រែន និងទាហានស៊ីឈ្នួលបរទេសចេញពីតំបន់ Kursk គឺជាភស្តុតាងច្បាស់លាស់ បង្ហាញពីមិត្តភាពយោធា ដែលបង្កើតឡើងដោយវីរជនជំនាន់មុន ។
យោងតាម Straits Times, កាលពីចុងឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤,០០០នាក់ទៅជួយរុស្ស៊ី ដែលធ្វើឱ្យលោកប្រធានាធិបតី Putin អាចប្រកាសជ័យជម្នះនៅតំបន់ Kursk ក្នុងខែឧសភា ឆ្នាំ២០២៥ ។
ការរឹតចំណងមិត្តភាពនេះ ធ្វើឱ្យកូរ៉េខាងត្បូង និងលោកខាងលិច បានបង្ហាញការព្រួយបារម្ភថា កូរ៉េខាងជើងនឹងទទួលបានបច្ចេកវិទ្យាអាវុធទំនើបៗពីរុស្ស៊ី ជាថ្នូរនឹងការបញ្ជូនកងទ័ពទៅជួយទីក្រុងមូស្គូ ប្រយុទ្ធក្នុងសង្គ្រាមអ៊ុយក្រែន ៕


ប្រភព ៖ The Straits Times ប្រែសម្រួល ៖ ឈឹម ទីណា