សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថានឹងមិនមានការរុះរើសាលាដូងនៅគិរីរម្យទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សាលាដូងនៅលើភ្នំគិរីរម្យ នឹងមិនត្រូវបានរុះរើនោះទេ ហើយសម្តេច ក៏បានសម្រេចផ្តល់ការឧបត្ថម្ភប្រចាំខែដល់សាលាមួយនេះ ដើម្បីជួយសម្រាលបន្ទុកក្នុងការបណ្តុះបណ្តាលកុមារនៅតំបន់ភ្នំគិរីរម្យ។
បន្ទាប់ពីមានការព្រួយបារម្ភពាក់ព័ន្ធនឹងការជូនដំណឹងឲ្យរុះរើសំណង់មិនរៀបរយនៅលើឧទ្យានជាតិគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ៗថា នឹងមិនមានការរុះរើសាលាដូងនោះទេ ហើយសាលានេះនឹងបន្តដំណើរការបណ្តុះបណ្តាលកុមារនៅក្នុងតំបន់នោះជាធម្មតា។
ការអះអាងនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ-អាចារិនីទូទាំងប្រទេសលើកទី១១ និងបន្ទាប់ពីសម្តេចបានជួបពិភាក្សាផ្ទាល់ជាមួយ លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង។
ព័ត៌មាននៃការរុះរើត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយលើបណ្តាញសង្គម បន្ទាប់ពីអាជ្ញាធរបានជូនដំណឹងដល់ម្ចាស់ទីតាំងមួយចំនួន ដែលបានបោះបង្គោលរបងហ៊ុមព័ទ្ធដីព្រៃជាទ្រព្យសម្បត្តិរដ្ឋ និងសាងសង់សំណង់អាណាធិបតេយ្យនៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោគិរីរម្យ ឱ្យធ្វើការរុះរើសំណង់ក្នុងរយៈពេល១៤ថ្ងៃ។ ក្នុងចំណោមសំណង់ទាំងនោះ មានផ្ទះរបស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងផងដែរ។
សាលាដូង គឺជាសាលារៀនឯកជនមួយ ដែលស្ថិតនៅជាប់សាលាបឋមសិក្សាគិរីរម្យ និងទទួលបានការគាំទ្រពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ សាលាបើកបង្រៀនពីរពេលក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលល្ងាច ដោយផ្តល់ឱកាសដល់សិស្សដែលរៀននៅសាលារដ្ឋពេលព្រឹក អាចបន្តការសិក្សា និងរៀនបំណិនបន្ថែមនៅសាលាដូងនៅពេលល្ងាច។
នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គម បន្ទាប់ពីបានជួបលោក អ៊ុក វណ្ណដេ ដោយបានសម្តែងការកោតសរសើរចំពោះឆន្ទៈ និងការខិតខំរបស់ស្ថាបនិកសាលាដូងរូបនេះ ក្នុងការបង្កើតសាលាដោយការខ្ចីដីក្នុងដែនឧទ្យានជាតិគីរីរម្យ ដើម្បីផ្តល់ចំណេះដឹង និងបំណិនដល់កុមារនៅតំបន់នោះ។
សម្តេចធិបតីបានបញ្ជាក់ថា លោក អ៊ុក វណ្ណដេ និងគ្រូស្ម័គ្រចិត្តនៅសាលា បានជួយលើកកម្ពស់ចំណេះដឹង និងបំណិនដល់កុមារជាង១៥០នាក់នៅក្នុងភូមិ ដែលជាសកម្មភាពផ្តល់ផលប្រយោជន៍វិជ្ជមានពិតៗដល់សង្គម និងប្រជាពលរដ្ឋ។
ពាក់ព័ន្ធនឹងការជូនដំណឹងឱ្យរុះរើទីតាំងមួយចំនួន សម្តេចធិបតីបានចេញបទបញ្ជាឱ្យយោធភូមិភាគទី៣ និងតំបន់ប្រតិបត្តិការសឹករងកំពង់ស្ពឺ ផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងអនុញ្ញាតឱ្យសាលាដូងបន្តដំណើរការ។ សម្តេចក៏បានអនុញ្ញាតឱ្យគ្រូអាចបន្តស្នាក់នៅក្នុងផ្ទះជាធម្មតា ដើម្បីបន្តបង្រៀនសិស្ស។
ជាមួយគ្នានេះ សម្តេចធិបតីបានប្រគល់ភារកិច្ចដល់ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ អភិបាលខេត្តកំពង់ស្ពឺ ឱ្យចាត់តាំងមន្ត្រីជំនាញចុះពិនិត្យ និងផ្ទៀងផ្ទាត់ស្ថានភាពជាក់ស្តែងនៅទីតាំង ដើម្បីរៀបចំដំណោះស្រាយសមស្រប និងមានចីរភាព ដែលអាចធានាឱ្យសាលាដូងបន្តដំណើរការបណ្តុះបណ្តាលកុមារនៅតំបន់នោះ។
ដើម្បីជួយសម្រាលបន្ទុករបស់សាលា សម្តេចធិបតី និងភរិយា បានសម្រេចផ្ដល់ការឧបត្ថមជាថវិកាចំនួន ៥លានរៀល និងអង្ករ ១តោន ក្នុងមួយខែជូនដល់សាលាដូង ដោយគិតចាប់ពីខែកញ្ញាឆ្នាំ ២០២៦ នេះតទៅ៕


