សម្តេចធិបតី៖ អាចារ្យ មានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ព្រះពុទ្ធសាសនា និងសង្គមជាតិ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា អាចារ្យមិនត្រឹមតែជាអ្នកបង្ហាត់បង្រៀន ប៉ុណ្ណោះទេ ប៉ុន្តែជាអ្នកដឹកនាំផ្លូវចិត្ត និងជាសរសរទ្រូងយ៉ាងសំខាន់ក្នុង ការភ្ជាប់ទំនាក់ទំនងរវាងពុទ្ធសាសនិក វត្តអារាម និងព្រះពុទ្ធសាសនា។
កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេស លើក ទី១១ ក្នុងខណៈនោះសម្តេចធិបតីបញ្ជាក់ថា ការរៀបចំឱ្យមានការ សំណេះសំណាល ជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ ឆ្នាំ បានកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅ ក្នុងសង្គមខ្មែរស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរៀង ។
សម្ដេចធិបតីបញ្ជាក់ថា អាចារ្យ អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន អប់រំកុមារ និងយុវជន សាបព្រោះបណ្ដុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ និងសង្គមរបស់ជាតិខ្មែរ ។
១.(ខ្វូត៖ សម្ដេចធិបតី បន្ថែមថា «អាចារ្យ គឺជាអ្នកដឹកនាំផ្លូវចិត្ត ជាអ្នកបង្ហាត់បង្រៀន និងជាសរសរទ្រូងក្នុងការភ្ជាប់រវាងវត្តអារាម និងព្រះពុទ្ធសាសនា» ។ អាចារ្យ មានតួនាទីសំខាន់នៅក្នុងការ រៀបចំពិធីបុណ្យ ពិធីសាសនា ឬមង្គលការដោយសម្ដេចគាំទ្រ ដល់ក្រសួងធម្មការ និងសាសនា ចំពោះការយកចិត្តទុកដាក់លើការ បណ្ដុះបណ្ដាលស្ដង់ដារួម )
តាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួង ធម្មការ និងសាសនាបានឱ្យដឹងថា ក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរបានចំនួន៥៣ វគ្គរួច មកហើយ ដោយមានសិក្ខាកាម ជាអាចារ្យ អាចារិនី ចំនួន ១៤ ២៩៨ អង្គ/នាក់ បានចូលរួមសិក្សា ក្នុងនោះព្រះសង្ឃចំនួន ១ ១២៤ព្រះអង្គ និងអាចារិនីចំនួន ២៣២ នាក់។ ក្រៅពីវគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គបណ្តុះបណ្តាលដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាមជាដូនជី បានចូលសិក្សាចំនួន ១ ១០៧ នាក់ ។
ឯកឧត្តមបន្តថា ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាល បន្តបន្ទាប់ទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ ពុទ្ធបរិស័ទនៅទូទាំងប្រទេស ៕


ដោយ៖ស៊ូ វណ្ណលុក