ក្រសួងមហាផ្ទៃបំភ្លឺ ៖ ការធ្វើវិសោធនកម្មច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ មិនប៉ះពាល់ប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈឡើយ
បន្ទាប់ពីគណបក្សកម្លាំងជាតិ ដែលជាគណបក្សប្រឆាំងមួយ បានលើកឡើងពីការព្រួយបារម្ភពាក់ព័ន្ធនឹងប្រព័ន្ធបោះឆ្នោត ការបែងចែកមុខតំណែងថ្នាក់ដឹកនាំឃុំ សង្កាត់ និងការចូលរួមរបស់គណបក្សនយោបាយនៅថ្នាក់មូលដ្ឋាន ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្តីបំភ្លឺមួយពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មមាត្រា៣៣- ៣៤- ៣៥ និង ៣៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់។
ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការធ្វើវិសោធនកម្មច្បាប់នេះមិនបានកែប្រែប្រព័ន្ធបោះឆ្នោត និងរូបមន្តបែងចែកអាសនៈក្នុងក្រុមប្រឹក្សាឃុំ សង្កាត់ ដែលមានចែងនៅក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ជាធរមានឡើយ។ គណបក្សនយោបាយនីមួយៗនៅតែទទួលបានអាសនៈស្របតាមចំនួនសំឡេងឆ្នោតដែលខ្លួនទទួលបាន។
ជាមួយគ្នានេះ ក្រសួងអះអាងថា ការធ្វើវិសោធនកម្មក៏មិនមានគោលបំណងដកហូតអាសនៈ ឬកម្រិតសិទ្ធិរបស់ប្រជាពលរដ្ឋ ឬគណបក្សនយោបាយ ដែលចូលរួមក្នុងដំណើរការប្រជាធិបតេយ្យនោះឡើយ។ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ដែលជាប់ឆ្នោត នៅតែមានសិទ្ធិពិភាក្សា អនុម័ត សម្រេច និងត្រួតពិនិត្យការងាររដ្ឋបាលតាមច្បាប់។
ចំណុចសំខាន់មួយនៃការធ្វើវិសោធនកម្ម គឺដើម្បីកែលម្អរូបមន្តកំណត់មុខតំណែងថ្នាក់ដឹកនាំរដ្ឋបាលឃុំ សង្កាត់ ឱ្យសមស្របនឹងលទ្ធផលបោះឆ្នោត ជាពិសេសស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។ ក្រសួងមហាផ្ទៃបានបន្ថែមថា ការកែសម្រួលនេះធ្វើឡើងដោយឈរលើគោលការណ៍នីតិរដ្ឋ ការគោរពរដ្ឋធម្មនុញ្ញ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងមានគោលដៅពង្រឹងការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បន្ទាប់ពីការបោះឆ្នោត ដើម្បីធានាប្រសិទ្ធភាពនៃការដឹកនាំ និងការអនុវត្តការងាររដ្ឋបាល។
ចំពោះការព្រួយបារម្ភអំពីការប្រមូលផ្តុំអំណាច ក្រសួងមហាផ្ទៃបានពន្យល់ថា ការពង្រឹងឯកភាពក្នុងការដឹកនាំ មិនមែនជាការប្រមូលផ្តុំអំណាចផ្តាច់មុខឡើយ។ ថ្នាក់ដឹកនាំឃុំ សង្កាត់ នៅតែស្ថិតក្រោមច្បាប់ សេចក្តីសម្រេចរបស់ក្រុមប្រឹក្សា ផែនការ និងថវិកាដែលបានអនុម័ត ព្រមទាំងយន្តការត្រួតពិនិត្យ សវនកម្ម និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
សរុបមក ក្រសួងមហាផ្ទៃបញ្ជាក់ថា ការធ្វើវិសោធនកម្មនេះមានគោលបំណងពង្រឹងប្រព័ន្ធអភិបាលកិច្ចមូលដ្ឋាន លើកកម្ពស់គុណភាពសេវាសាធារណៈ និងធានាឱ្យរដ្ឋបាលឃុំ សង្កាត់ អាចឆ្លើយតបបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។
បទប្បញ្ញត្តិថ្មីនឹងអនុវត្តចាប់ពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅឆ្នាំ២០២៧ តទៅ និងមិនប៉ះពាល់ដល់សមាសភាព ឬមុខតំណែងថ្នាក់ដឹកនាំរដ្ឋបាល ឃុំ សង្កាត់ ដែលស្ថិតក្នុងអាណត្តិបច្ចុប្បន្នឡើយ៕