រដ្ឋសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចសន្ទនាអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវ ដើម្បីសន្តិសុខស្បៀង និងអាកាសធាតុ ដែលនឹងប្រព្រឹត្តិទៅនៅអង្គារ និងថ្ងៃពុធ សប្តាហ៍នេះ នៅវិមានរដ្ឋសភាជាតិកម្ពុជា ដើម្បីជំរុញរបៀបវារៈអាស៊ានស្តីពីការវិនិយោគប្រកបដោយការទទួលខុសត្រូវលើវិស័យចំណីអាហារ កសិកម្ម និងព្រៃឈើ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាកម្ពុជា។
កិច្ចប្រជុំនេះរៀបចំឡើងក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអាយប៉ា និងមានការគាំទ្រពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ដោយមានការចូលរួមដោយផ្ទាល់ និងតាម Zoom ពីគណៈប្រតិភូជាសមាជិកអន្តរសភាអាស៊ាន AIPA សមាជិកសភាកម្ពុជា អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងតំណាងមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម។
នៅកិច្ចប្រជុំនេះ នឹងមានការធ្វើបទបង្ហាញពីវាគ្មិនជំនាញៗ មកពីអង្គការ FAO តំណាងលេខាធិការដ្ឋានអាយប៉ា គណៈកម្មការជំនាញរដ្ឋសភា និងតំណាងក្រសួងពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ក្នុងការលើកកម្ពស់ការយល់ដឹងរបស់សភា អំពីទំនាក់ទំនងរវាងសន្តិសុខស្បៀង ភាពធន់នឹងអាកាសធាតុ និងការវិនិយោគប្រកបដោយការទទួលខុសត្រូវ ស្របតាមក្របខ័ណ្ឌអនុវត្តរបស់សភាអាស៊ាន។
អំឡុងពេលនៃព្រឹត្តិការណ៍ អ្នកចូលរួមនឹងពិភាក្សាលើកិច្ចសន្ទនាគោលនយោបាយសំខាន់ៗចំនួនបួន រាប់ចាប់ពីការបង្កើតប្រព័ន្ធស្បៀងអាហារធន់នឹងអាកាសធាតុ ការស្វែងយល់ពីវិមាត្រសេដ្ឋកិច្ច ការពង្រឹងភាពជាដៃគូពហុភាគី រហូតដល់ការកំណត់តួនាទីជាក់ស្តែងរបស់សមាជិកសភាក្នុងការបំប្លែងគោលនយោបាយឲ្យទៅជាសកម្មភាពជាក់ស្តែង។
សូមបញ្ជាក់ថា កិច្ចប្រជុំកម្រិតតំបន់នេះនឹងប្រារព្វបើកក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា និងត្រូវបញ្ចប់ទៅវិញក្រោមអធិបតីភាពរបស់ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា៕