ខេត្តកំពង់ធំ ស្វាគមន៍កំណើនភ្ញៀវអន្តរជាតិជិត ១២.០០០ នាក់ ក្នុងរយៈពេល ៧ខែ
វិស័យទេសចរណ៍ក្នុងខេត្តកំពង់ធំបានបង្ហាញពីសញ្ញាវិជ្ជមាន ដោយទទួលបានទេសចរអន្តរជាតិរហូតដល់ជាង១ម៉ឺន ២ពាន់នាក់ ត្រឹមរយៈពេល៧ខែ ខណៈកាលពីឆ្នាំទៅមិញក្នុងរយៈដូចគ្នាមាន ចំនួនត្រឹមជាង១ម៉ឺន១ពាន់នាក់។
ក្នុងរយៈពេល៧ខែឆ្នាំ២០២៦ ខេត្តកំពង់ធំទទួលបានភ្ញៀវ ទេសចរអន្តរជាតិចំនួន ១២.៥០០នាក់ ពោលគឺកើនឡើងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមានត្រឹមតែ ១១.០០០ នាក់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត កំពង់ធំកាលពីពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តបានបង្ហាញថា រយៈពេល៧ខែ ខេត្តកំពង់ឆ្នាំងធំ ក៏បានទទួលទេសចរជាតិប្រមាណ ៦៥ម៉ឺននាក់។
លោក សេង អាន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានប្រាប់ បណ្តាញព័ត៌មាន AMS ថា ខេត្តកំពង់ធំ មានរមណីយដ្ឋានបែបធម្មជាតិ និងវប្បធម៌ ដ៏ទាក់ទាញជាច្រើនកន្លែង រួមមាន រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក, ប្រាសាទគុកនគរ, ភ្នំសន្ទុក, ស្ទឹងព្រៃប្រស់, បឹងសំរឹទ្ធិ ធ្នស់តាព្រំ ស្ទឹងព្រៃប្រស់ សហគមន៍អេកូទេសចរណ៍រស្មីភូមិពីរ គិរីបឹងក្រញ៉ាក តំបន់អេកូទេសចរណ៍ផាត់សណ្តាយ និងរមណីយដ្ឋានស្ទឹងជីនិត ជាដើម។
ក្នុងចំណោមរមណីយដ្ឋានទាំងនេះ រមណីយដ្ឋានដែលល្បីល្បាញជាងគេគឺ «ប្រាសាទសំបូរព្រៃគុក» ។បណ្ដុំនៃប្រាសាទនេះត្រូវបានចាត់ទុកជាបេះដូងរបស់ខេត្តកំពង់ធំ។
របាយការណ៍មន្ទីរជំនាញដដែលបានបង្ហាញទៀតថា បច្ចុប្បន្នខេត្តមានសណ្ឋាគារចំនួន ៧ទីតាំង និងផ្ទះសំណាក់ចំនួន ៦៨ទីតាំង។ បើតាមឯកឧត្តមអភិបាលខេត្តកំពង់ធំបានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរដែលមកកម្សាន្ត ហើយសម្រេចចិត្តស្នាក់នៅចន្លោះពី ១ ទៅ ២យប់ នៅក្នុងខេត្តបានកើនឡើងជាង ៣០ភាគរយ។
ជាមួយចំណូលប្រចាំឆ្នាំប្រមាណ ៦លានដុល្លារ វិស័យនេះបានរួមចំណែកផ្ទាល់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូលប្រជាពលរដ្ឋ និងលើកកម្ពស់ស្តង់ដារសេវាកម្មទេសចរណ៍ក្នុងខេត្តកំពង់ធំ។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២៥ ខេត្តកំពង់ធំបានទាក់ទាញភ្ញៀវទេសចរជាតិឱ្យមកកម្សាន្តជាង ៨០ម៉ឺននាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២ ០០០នាក់៕
ដោយ៖ទួន សុផល









