អាមេរិក អនុម័តលក់យន្តហោះចាក់សាំងតាមអាកាស ក្នុងតម្លៃ ៤,៥ ពាន់លានដុល្លារឱ្យ កាតា ទោះ អ៊ីស្រាអែល ហាមឃាត់ក៏ដោយ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកសម្រេចបើកភ្លើងបៃតងលក់យន្តហោះចាក់សាំងតាមអាកាសប្រភេទ Boeing KC-46A ចំនួន ៤គ្រឿង និងបរិក្ខារយោធាពាក់ព័ន្ធ ក្នុងតម្លៃ ៤.៥ ពាន់លានដុល្លារ ទៅឱ្យប្រទេសកាតា ទោះបីជាមានការហាមឃាត់ពីសំណាក់អ៊ីស្រាអែលក៏ដោយ ។ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងការបរទេសអាមេរិកទៅកាន់សភា ។
ក្រសួងការបរទេសអាមេរិកបញ្ជាក់ថា ការទិញលក់យុទ្ធោបករណ៍នេះ ធ្វើឡើងមានគោលបំណងពង្រឹងសន្តិសុខរបស់ដៃគូយុទ្ធសាស្ត្រក្នុងតំបន់ និងបង្កើនសមត្ថភាពរបស់កាតា ក្នុងការឆ្លើយតបចំពោះការគំរាមកំហែងទាំងពេលបច្ចុប្បន្ន និងអនាគត ។
បើតាម Jerusalem post, តាមរយៈកិច្ចព្រមព្រៀងនេះ នឹងអនុញ្ញាតឱ្យកងទ័ពអាកាសរបស់កាតា ដែលធ្វើប្រតិបត្តិការយន្តហោះចម្បាំង F-15, យន្តហោះចម្បាំង Typhoon និងយន្តហោះចម្បាំង Rafale អាចបំពេញបេសកកម្មវាយប្រហារចម្ងាយឆ្ងាយហួសពីព្រំដែនរបស់ខ្លួនជាលើកដំបូង ។
យ៉ាងណា ដោយសារតែការកកស្ទះក្នុងការផលិតនាពេលបច្ចុប្បន្ន និងតម្រូវការខ្ពស់ទូទាំងពិភពលោក កាតាប្រហែលជាមិនអាចទទួលបានយន្តហោះចាក់សាំងតាមអាកាសទាំងនេះមុនឆ្នាំ ២០៣០ នោះទេ ខណៈប្រទេសនេះនៅមិនទាន់មានកងយន្តហោះចាក់សាំងផ្ទាល់ខ្លួននៅឡើយទេ ។
គួរបញ្ជាក់ថា អាមេរិកនៅតែជាប្រទេសនាំមុខគេលើពិភពលោក ដែលមានយន្តហោះចាក់សាំងតាមអាកាស KC-46 ច្រើនជាងគេរហូតដល ១០៥ គ្រឿង ហើយក៏មានផែនការទិញបន្ថែមសរុបចំនួន ២៨៣ គ្រឿង ។ រីឯប្រទេសជប៉ុនក៏កំពុងប្រើប្រាស់យន្តហោះចាក់សាំងនេះចំនួន ៦ គ្រឿង និងទទួលបានការអនុម័តទិញបន្ថែមចំនួន ៩ គ្រឿងទៀតផងដែរ ។
តម្រូវការយន្តហោះចាក់សាំងតាមអាកាសស្ទុះឡើង បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់បានឆ្លុះបញ្ចាំងពីតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់របស់ពួកវា ដែលជួយពង្រីកវិសាលភាពចម្ងាយ និងពេលវេលាហោះហើររបស់ក្រុមយន្តហោះចម្បាំង យន្តហោះដឹកជញ្ជូន និងប្រព័ន្ធប្រមូលព័ត៌មានសម្ងាត់ជាដើម ៕
ប្រភព ៖ Jerusalem post ប្រែសម្រួល ៖ ឈឹម ទីណា
