អាមេរិកផ្តល់ជំនួយ៥០ម៉ឺនដុល្លារដល់នេប៉ាល់ ដែលរងគ្រោះពីទឹកជំនន់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានសន្យាផ្តល់ជំនួយចំនួន ៥០ម៉ឺនដុល្លារ ដល់ប្រទេសនេប៉ាល់ ដែលនឹងត្រូវប្រើប្រាស់សម្រាប់ផ្តល់ជម្រកស្នាក់នៅបន្ទាន់, ទឹកស្អាត, អនាម័យ និងសម្ភារៈសង្គ្រោះផ្សេងៗទៀត ជូនដល់សហគមន៍ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។
ក្រសួងការបរទេសអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «សហរដ្ឋអាមេរិកសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ទឹកជំនន់ភ្លាមៗដ៏ធ្ងន់ធ្ងរ នៅក្នុងស្រុក Rasuwa នៃប្រទេសនេប៉ាល់»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «យើងសូមសម្តែងការអាណិតអាសូរ និងនឹកគិតដល់អ្នកទាំងអស់គ្នា ដែលរងផលប៉ះពាល់ ដោយគ្រោះមហន្តរាយនេះ»។
មានសេចក្តីរាយការណ៍ថា ពលរដ្ឋអាមេរិក យ៉ាងហោចណាស់ ៥៤ នាក់ ដែលភាគច្រើន ជាភ្ញៀវទេសចរ ស្ថិតក្នុងចំណោមមនុស្សរាប់រយនាក់ដែលកំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍ទឹកជំនន់ និងការបាក់ដីដ៏ធ្ងន់ធ្ងរ។
ក្រៅពីសហរដ្ឋអាមេរិក, ចិន សហភាពអឺរ៉ុប និងឥណ្ឌា ក៏បានសន្យាផ្តល់ជំនួយ ឬ បញ្ជូនសម្ភារៈសង្គ្រោះទៅកាន់តំបន់រងគ្រោះផងដែរ។
បើតាម BBC, មនុស្សជាង ១៦០ នាក់បានស្លាប់ នៅក្នុងប្រទេសនេប៉ាល់ ហើយភ្ញៀវទេសចររាប់រយនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានទឹកជំនន់ភ្លាមៗ និង ការបាក់ដីដ៏ធំមួយ ថ្មីៗនេះ៕
ប្រភព ៖ BBC ប្រែសម្រួល ៖ សារ៉ាត
