អ៊ីរ៉ង់ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា អាមេរិកកំពុងធ្វើអំពើភេរវកម្មសេដ្ឋកិច្ច
តេហេរ៉ង់ ៖ អ៊ីរ៉ង់បានផ្ញើលិខិតទៅកាន់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ តវ៉ាពាក់ព័ន្ធនឹងអ្វីដែលខ្លួនហៅថា «អំពើភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Mehr។
បើតាមប្រភព, រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និង សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយបញ្ជាក់ពីជំហររបស់ទីក្រុងតេហេរ៉ង់ ចំពោះអ្វីដែលខ្លួនចាត់ទុកថា ជាគោលនយោបាយ «អំពើភេរវកម្មសេដ្ឋកិច្ច» របស់សហរដ្ឋអាមេរិក ប្រឆាំងនឹងអ៊ីរ៉ង់។
នៅក្នុងលិខិតនោះ, លោក Araghchi បានពន្យល់ពីជំហររបស់អ៊ីរ៉ង់លើគោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានសង្កត់ធ្ងន់លើអ្វីដែលលោកហៅថា «ការទទួលខុសត្រូវផ្នែកច្បាប់ និងសីលធម៌» របស់អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលនានាជុំវិញពិភពលោក ក្នុងការថ្កោលទោស «សកម្មភាពខុសច្បាប់ និងជាបទឧក្រិដ្ឋ» របស់រដ្ឋបាលសហរដ្ឋអាមេរិក។
បើតាម Tass, ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានប្រកាសពីការចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ច និងយុទ្ធនាការដ៏ធំធេងមិនធ្លាប់មានពីមុនមក ដើម្បីឯកោអ៊ីរ៉ង់។ លោកក៏បានព្រមានផងដែរថា បណ្តាប្រទេសដែលមានស្ថាប័នហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬ ស្ថាប័នរដ្ឋាភិបាលគាំទ្រទីក្រុងតេហេរ៉ង់ នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរពីទីក្រុងវ៉ាស៊ីនតោន។
ជាការឆ្លើយតប ក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងថា គោលនយោបាយដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើអ៊ីរ៉ង់ គឺជា «អំពើភេរវកម្មសេដ្ឋកិច្ច» និង ជាបទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ៕
ប្រភព ៖ Tass, ប្រែសម្រួល ៖ សារ៉ាត
