លោក Trump បញ្ជាឱ្យប្តូរឈ្មោះបឹងជាប់ព្រំដែនកាណាដា ទៅជា «បឹងអាមេរិក»
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីប្តូរឈ្មោះ បឹងអនថារីអូ ឬ Lake Ontario ដែលជាបឹងដ៏ធំមួយស្ថិតនៅជាប់ព្រំដែនរវាងសហរដ្ឋអាមេរិក និង កាណាដា ទៅជា «បឹងអាមេរិក» ឬ Lake America។
ការបង្ករឿងបែបឌឺដងចុងក្រោយរបស់លោក Trump ទៅលើប្រទេសកាណាដានេះ កើតឡើងចំពេលដែលមានសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងឡើង រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ និង ប្រទេសជិតខាងនៅភាគខាងជើងរបស់ខ្លួន។
លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅឯសេតវិមាន មុនពេលចុះហត្ថលេខាលើបទបញ្ជា នៅក្នុងការិយាល័យ Oval Office ថា «យើងនឹងផ្លាស់ប្តូរឈ្មោះបឹង Ontario ទៅជាបឹង America ដោយមានប្រសិទ្ធភាពចាប់ពីពេលនេះតទៅ»។
ការផ្លាស់ប្តូរឈ្មោះ ដែលទំនងជាកាណាដានឹងមិនទទួលយកនោះ គឺស្រដៀងគ្នាទៅនឹងការដែលលោក ត្រាំ បានប្តូរឈ្មោះពី «ឈូងសមុទ្រម៉ិកស៊ិក» ឬ Gulf of Mexico ទៅជា «ឈូងសមុទ្រអាមេរិក» ឬ Gulf of America កាលពីខែមករា ឆ្នាំ២០២៥៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
