រុស្ស៊ី ព្រមានវាយ អង់គ្លេស សងសឹកការផ្គត់ផ្គង់បច្ចេកវិទ្យាផលិតមីស៊ីលឱ្យ អ៊ុយក្រែន
មូស្គូ ៖ រុស្ស៊ីបានបោះសម្តីព្រមានធ្ងន់ៗទៅកាន់អង់គ្លេស និងបារាំងថា ប្រទេសអឺរ៉ុបទាំងពីរនេះ កំពុងលេងជាមួយភ្លើង តាមរយៈការផ្គត់ផ្គង់បច្ចេកវិទ្យាផលិតមីស៊ីលវាយប្រហារចម្ងាយឆ្ងាយទៅឱ្យអ៊ុយក្រែន ។
ក្រៅពីព្រមាន ភាគីរុស្ស៊ីថែមទាំងបានស្រែកគំរាមខ្លាំងៗថា ទីក្រុងមូស្គូនឹងសងសឹកវិញ ជាមួយនឹងការកំណត់គោលដៅវាយប្រហារទីតាំងយោធាអង់គ្លេសនៅលើទឹកដីអ៊ុយក្រែន និងទីកន្លែងផ្សេងទៀត ។
បើតាមសារព័ត៌មាន TASS, លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូនឹងឆ្លើយតបការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរបស់អង់គ្លេស តាមរយៈការវាយប្រហារទីតាំងយោធាអង់គ្លេសណាមួយវិញនៅលើទឹកដីអ៊ុយក្រែន និងទីកន្លែងផ្សេងទៀត ។
ការព្រមានធ្ងន់ៗរបស់រុស្ស៊ី ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Andy Burnham បានប្រកាសក្នុងពេលថ្មីៗនេះថា រដ្ឋាភិបាលលោកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផលិតអាវុធអឺរ៉ុប MBDA បញ្ចេញព័ត៌មានសម្ងាត់ ស្តីពីសមាសធាតុផលិតដោយអង់គ្លេស ដែលប្រើប្រាស់ក្នុងមីស៊ីលនាំផ្លូវចម្ងាយឆ្ងាយ SCALP ឬ Storm Shadow ជាមួយអ៊ុយក្រែន ។
ការសម្រេចចិត្តនេះ នឹងជួយឱ្យប្រទេសបារាំង និងអ៊ុយក្រែនអាចបង្កើតខ្សែសង្វាក់ដំឡើង និងផលិតមីស៊ីលប្រភេទនេះដោយផ្ទាល់នៅក្នុងទឹកដីអ៊ុយក្រែនតែម្តង ។
មីស៊ីល SCALP ឬ Storm Shadow គឺជាមីស៊ីលនាំផ្លូវបាញ់ចេញពីយន្តហោះ ដែលមានសមត្ថភាពវាយប្រហារចំគោលដៅចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រ ។ បារាំង និងអង់គ្លេសបានផ្គត់ផ្គង់មីស៊ីលប្រភេទនេះដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបំផ្ទុះសង្គ្រាមឈុតធំក្នុងឆ្នា២០២២ ៕
ប្រភព ៖ TASS ប្រែសម្រួល ៖ ឈឹម ទីណា

