កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ រៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្នុងឱកាសដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ កាន់តែខិតជិតចូលមកដល់ កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីសូត្រមន្ត សុំសេចក្តីសុខ សិរីសួស្តី  នារសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ដែលពិធីនេះប្រព្រឹត្តិធ្វើក្រោមវត្តមានឯកឧត្តមឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ទៀត។
ពិធីនេះត្រូវបានរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំ ព្រោះជាទំនៀមទម្លាប់និងជាប្រពៃណីរបស់ប្រជាជនកម្ពុជាទូទាំងប្រទេស ដើម្បីបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំមកនូវពរជ័យសិរីសួស្តី និងជោគជ័យក្នុងឱកាសចូលឆ្នាំថ្មី ហើយក៏បានបង្ហាញនូវការគោរព និងរក្សាដោយខ្ជាប់ខ្ជួននូវប្រពៃណី វប្បធម៌ដ៏រុងរឿងរបស់ប្រជាជាតិខ្មែរ។ ម្យ៉ាងវិញទៀត ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះដួងវិញ្ញាណក្ខ័ន្ធ បុព្វការីជន ជីដូនជីតា ឪពុកម្តាយនិងញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ សូមរំដោះរួចចាកផុតពីកម្មពារវេរាទាំងឡាយ និងបានទៅសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព,ស ២៥៥២ គឺប្រព្រឹត្តិឡើងនៅថ្ងៃទី១៤ ១៥ និង១៦ ខែមេសា ឆ្នាំ២០១៩ ដែលមានទេវតា ព្រះនាមទុង្សាទេវី ជាបុត្រីទី១នៃកិលមហាព្រហ្ម សៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែឧទុម្ពរ អាវុធស្តាំកងចក្រ ឆ្វេងស័ង្ខ ពាហនៈគ្រុឌ ៕

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner