អភិបាលខេត្តបាត់ដំបង ជំរុញឲ្យគ្រប់អនុវិទ្យាល័យក្នុងខេត្ត ត្រូវមានថ្នាក់រៀនមួយបន្ទប់ ដើម្បីអប់រំពីបញ្ហាគ្រឿងញៀន និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងឱកាសចុះជួបសំណេះសំណាលសួរ សុខទុក្ខលោកគ្រូ-អ្នកគ្រូ មធ្យម-បឋម និងគ្រូជាប់កិច្ចសន្យាក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែមេសានេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងជំរុញឲ្យគ្រប់អនុវិទ្យាល័យនៅក្នុងខេត្ត ត្រូវរៀបចំរក្សានូវបន្ទប់មួយ ដើម្បីធ្វើជាកន្លែង”អប់រំពីបញ្ហាគ្រឿងញៀន, ការអប់រំផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ និងការអប់រំសង្គមផ្សេងៗ…”។ ដើម្បីជួយដល់ទីជម្រៅ ដល់កម្រិត សម្រាប់កូនខ្មែរជំនាន់ក្រោយៗ ជាពិសេសយុវវ័យ។ ការថ្លែងបែប នេះ គឺក្នុងឱកាសឯកឧត្តមតដឹកនាំប្រតិភូក្រុមការងារចុះជួយស្រុកសំពៅលូន ចុះសួរសុខទុក្ខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតចូលមកដល់ នៅពេលឆាប់ៗខាងមុខនេះ។

ការណែនាំជំរុញបែបនេះ គឺក្នុងគោលបំណងដើម្បីជាការឆ្លើយតបទៅនឹងគោលនយោបាយរាជរដ្ឋាភិបាលនិងការលើកម្ពស់បរិស្ថានសិក្សាប្រកបដោយបរិយាប័ន្ន។ ក្នុងវិស័យ អប់រំជាតិនេះ ដោយធ្វើយ៉ាងណាឲ្យសិស្សានុសិស្សទទួលបានក្នុងការលើកម្ពស់សុខភាពការសិក្សា និងការអប់រំ។ ឯកឧត្តមបានបញ្ជាក់ទៀតថា បញ្ហាទូហ្គេម នៅក្បែរ សាលារៀន មិនត្រូវឲ្យមានជាដាច់ខាត។ ជាពិសេស គឺអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចនៅទីនេះ ត្រូវតែយកចិត្តទុកដាក់ និងលុបបំបាត់ឲ្យបាន។ ដោយឡែក ពីបញ្ហាគ្រោះថ្នាក់ គ្រឿងញៀន ដែលនៅតែបង្កការភ័យខ្លាចដល់សង្គមជាតិ បំផ្លាញនូវអាយុជីវិត និងការសិក្សារបស់ក្មួយៗយុវជន ដែលជាសសរទ្រូងជាធនធានមនុស្ស និងជាកម្លាំងដ៏សំ ខាន់របស់ប្រទេសជាតិយើង។ ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់បន្ថែមទៀតថា៖ កន្លងមកនេះ គឺយើងបានធ្វើនូវគ្រប់រូបភាពទាំងការអប់រំ ទាំងវិធានការច្បាប់ និងការដាក់ទោសទណ្ឌឲ្យជាប់ ពន្ធនាគារជាដើម។

ឯកឧត្តម បានថ្លែងគូសបញ្ជាក់ទៀតថា ការបង្កើតឲ្យមានបន្ទប់ថ្នាក់រៀនដោយឡែក បែបនេះ គឺដើម្បីងាយស្រួលដល់សាលា ក្នុងការជំរុញដល់យុវជន ជាសិស្សនៅតាម សាលាឲ្យបានចូលទៅរៀនតាមរយៈឃ្លីបវីដេអូអប់រំពីមន្ត្រីជំនាញឲ្យបានស្វែងយល់ និងបានឃើញពីខ្លឹមសារអប់រំបន្លាចឲ្យឃើញពីគ្រោះថ្នាក់ដោយសារគ្រឿងញៀន។ បន្ទប់នេះមួយ គឺយើងឲ្យសិស្សគ្រប់ថ្នាក់ បានមកទទួលនូវការអប់រំដាច់ដោយឡែក តាមពេលវេលាការរៀបចំរបស់សាលា នៅបន្ទប់នេះផ្ទាល់តែម្តង។ ដោយកំណត់ម្តង មួយថ្នាក់ៗ និងពេលម៉ោងអប់រំទាំងគ្រឿងញៀន ទាំងច្បាប់ចរាចរណ៍ផ្លូវគោក និងទាំងការអប់រំសង្គមផ្សេងៗ ទៀតផងដែរ។

ក្នុងឱកាសសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងគ្រូជាប់កិច្ចសន្យា ទូទាំងស្រុកប្រមាណជាង៣០០នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាឧបត្ថម្ភ ចំនួន៤ម៉ឺនរៀល ផងដែរ៕

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner