ឯកឧត្តម កែវ អូម៉ាលីស្ស៖ កងទ័ពបានលះបង់កម្លាំងកាយចិត្ត អាយុជីវិត ការពារជាតិ បូរណភាពទឹកដី នាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោ ហ៊ុន សែន
នៅបញ្ជាការដ្ឋានការពារអាកាស អាកាសយានដ្ឋានភ្នំពេញ ព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ គណ:ប្រតិភូអង្គភាពរដ្ឋបាលព្រៃឈើ ដឹកនាំដោយឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ និងសហការី បានចុះសួរសុខទុក្ខបញ្ជាការដ្ឋានការពារអាកាស ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ។
ក្នុងឱកាសនេះ ដែរឯកឧត្តមបណ្ឌិត កែវ អូម៉ាលីស្ស បានធ្វើការកោតសរសើរដល់នាយទាហាន នាយទាហានរង និងពលទាហានទាហានទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត អាយុជីវិត ការពារជាតិ ការពារបូរណភាពទឹកដី នាំមកនូវសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ ក្នុងនាមរដ្ឋបាលព្រៃឈើ សូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការលះបង់របស់កងទ័ពទាំងអស់ ដែលខិតខំបន្តចូលរួមចំណែកគាំទ្រដល់វិស័យនេះ។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការបញ្ជាការដ្ឋានការពារអាកាស បានរាយការណ៍អំពីលទ្ធផលការងារដែលសម្រេចបានតាមផែនការ និងទិសដៅអនុវត្តបន្តរបស់អង្គភាព ពិសេសលើការងារបណ្តុះបណ្តាល។ ជាមួយគ្នានេះ លោកឧកញ៉ា ឈន ថារី នាយកក្រុមហ៊ុនថារីពាណិជ្ជ ដែលជាក្រុមហ៊ុនសម្ព័ន្ធមេត្រីភាពដែរនោះ ក៏បានលើកទ្បើងអំពីការចូលរួមរបស់វិស័យឯកជនជាមួយបញ្ជាការដ្ឋានផងដែរ។ ក្នុងពិធីចុះសួរសុខទុក និងសំណេះសំណាលនេះដែល រដ្ឋបាលព្រៃឈើ និងក្រុមហ៊ុនថារី ពាណិជ្ជបាននាំមកនូវថវិកាសរុបចំនួន៣០លានរៀល ជូនដល់បញ្ជាការដ្ឋាន សម្រាប់ជូនដល់គ្រួសារកងទ័ព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលខាងមុខនេះផងដែរ៕ម.ន