ប្រជាពលរដ្ឋភូមិបន្លាស្អិត សង្កាត់ឃ្មួញ ទទួលបានប័ណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លី

អត្ថបទដោយ៖
Kien Sereyvuth

បន្ទាប់ពីក្រុមការងារបានចុះស្រង់ទិន្នន័យ និងវាស់វែង នាពេលកន្លងមក ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុចំនួន៨៦៧ប័ណ្ណ ត្រូវបានកម្មវិធីអនុវិស័យ និងរដ្ឋបាលដីធ្លីរាជធានីភ្នំពេញ ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ដោយមានការចូលរួមពីលោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ។

លោក សារិន វណ្ណា បានឲ្យដឹងថា ចាប់ពីខែតុលា ឆ្នាំ២០០៣ រហូតមកដល់បច្ចុប្បន្ននេះ គម្រោងចុះបញ្ជីដីធ្លីបានចំនួន៦៦សង្កាត់ ក្នុងចំណោម១០៥សង្កាត់ ក្នុងរាជធានីភ្នំពេញ។ គម្រោងប្រមូលទិន្នន័យក្បាលដីសរុប២៤ម៉ឺន០២ពាន់ក្បាលដី និងចែកប័ណ្ណជូនប្រជាពលរដ្ឋបានចំនួន១៧ម៉ឺន៩ពាន់  ប័ណ្ណ។ លោកបានលើកឡើងទៀតថា ការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ បានផ្តល់នូវសារៈប្រយោជន៍ពីរយ៉ាង គឺដល់រដ្ឋយើងផង និងដល់ប្រជាពលរដ្ឋផង។ ចំពោះប្រជាពលរដ្ឋយើង គឺធានាបាននូវភាពកក់ក្តៅ សុវត្ថិភាពដីធ្លី និងសិទ្ធិកាន់កាប់ដីធ្លីពេញលេញជូនគាត់ ហើយវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុទៀតសោត មានសារៈសំខាន់សម្រាប់ធ្វើជាភ័ស្តុតាង នូវការកាន់កាប់ដីធ្លីរបស់ខ្លួន និងចៀសវាងនូវការរំលោភបំពានលើដីធ្លី។

ប័ណ្ណនេះ ក៏អាចផ្តល់លទ្ធភាពដល់បងប្អូនប្រជាពលរដ្ឋយើង ដើម្បីយកទៅដាក់ធនាគារ យកមកប្រកបរបរអាជីវកម្មផ្សេងៗ។ ចំពោះរដ្ឋយើងការចុះបញ្ជីដីធ្លីនេះ ផ្តល់លទ្ធភាពយ៉ាងធំធេងក្នុងការគ្រប់គ្រងដីធ្លី និងរៀបចំអោយមានសណ្តាប់ធ្នាប់ល្អប្រសើរ និងសម្រួលដល់ការធ្វើផែនការ ប្រើប្រាស់ដីធ្លីបានសមស្រប។ ម៉្យាងទៀតការគ្រប់គ្រងដីធ្លីបានល្អប្រសើរ ជាមូលដ្ឋានឲ្យរដ្ឋគិតគូរ ប្រមូលចំណូលថវិកាជាតិ និងផ្តល់លក្ខណៈងាយស្រួលក្នុងការជំរុញកិច្ចការវិនិយោគលើកស្ទួយសេដ្ឋកិច្ចជាតិ ឈានឡើងសំបូរសប្បាយជូនប្រជាជាតិ និងប្រជាពលរដ្ឋកម្ពុជាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner