ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ស្ដេចយាងទៅពិនិត្យព្រះរាជសុខភាពនៅប្រទេសចិន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុត សព្វព្រះរាជហឬទ័យ ស្តេចយាងចាកចេញពីមាតុប្រទេសទៅកាន់ទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យព្រះរាជសុខភាព ។
យាង និងអញ្ជើញថ្វាយព្រះរាជដំណើរព្រះករុណា ព្រះមហាក្សត្រខ្មែរ និងសម្តេចព្រះមហាក្សត្រីនៅអាកាសយានដ្ឋាន អន្តរជាតិតេជោ រួមមាន៖ ព្រះញាតិវង្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសម្តេច និងឥស្សរជនជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
យោងព្រះរាជសារធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ ព្រះករុណាព្រះមហាក្សត្រកម្ពុជា សូមព្រះអនុញ្ញាត និងអនុញ្ញាតពីសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ និងព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកតា លោកយាយ មាមីង បងប្អូន ក្មួយៗជនរួមជាតិទាំងអស់ អវត្តមានពីមាតុប្រទេស ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ដើម្បីធ្វើដំណើរទៅពិនិត្យព្រះរាជសុខភាពនៅរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ។
នៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាម ជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមរំលឹកថា ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែស្តេចយាងទៅប្រទេសចិនជាទៀងទាត់ ក្នុងគោលបំណងចម្បង ដើម្បីពិនិត្យ និងព្យាបាលព្រះរាជសុខភាព ។ តាមទម្លាប់ ព្រះអង្គទាំងទ្វេ តែងតែស្តេចយាងទៅកាន់រដ្ឋធានីប៉េកាំង ចំនួន ២ដង ក្នុង ១ឆ្នាំ (រៀងរាល់ ៦ខែម្តង) ទៅតាមការយាង និងការរៀបចំថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជំនាញៗរបស់ចិន ។
គួរជម្រាបថា នៅកម្ពុជា ,រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមគ្រូពេទ្យ ថែទាំព្រះរាជសុខភាព ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ និងសម្ដេចព្រះ មហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែរ ។ ក្រុមព្រះរាជពេទ្យខ្មែរ ត្រូវបានបង្កើឡើងនៅចុងឆ្នាំ២០២៣។ ក្រៅពីភារកិច្ចទទួលខុសត្រូវក្នុងការពិនិត្យ ពិគ្រោះយោបល់ ព្យាបាល និងថែទាំព្រះរាជសុខភាពថ្វាយព្រះអង្គទាំងទ្វេ ក្រុមគ្រូពេទ្យ ថែទាំព្រះរាជសុខភាព មានសិទ្ធិអញ្ជើញអ្នកជំនាញវេជ្ជសាស្រ្ត និងអមវេជ្ជសាស្រ្តនានា ចូលរួមជួយការងារក្នុងករណីចាំបាច់ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ







