កម្ពុជា បង្ហាញអន្តរជាតិពីការប្តេជ្ញាចិត្តកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ត្រឹមឆ្នាំ២០៣៥

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួចស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ ប្រតិភូកម្ពុជានឹងថ្លែងសារពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់៥៥%ត្រឹមឆ្នាំ២០៣៥។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាល្ងាច ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី នៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ស្តីពីការប្រែប្រួលអាកាសធាតុ នៅប្រទេសទីម័រឡេស្តេ។

នៅក្នុងអំឡុងពេលបំពេញការងារ ឯកឧត្តមនឹងថ្លែងសុន្ទរកថាគន្លឹះ អំពីអាទិភាពរបស់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ដែលត្រូវជំរុញឱ្យកាន់តែខ្លាំងក្លា និងភាពងាយស្រួលជាងមុន លើហិរញ្ញវត្ថុអាកាសធាតុ និងការគាំទ្រជាក់ស្តែង សម្រាប់ប្រទេសដែលងាយរងគ្រោះ ព្រមទាំងអាទិភាពជាយុទ្ធសាស្ត្រសម្រាប់កិច្ចប្រជុំកំពូល COP 31។

ឯកឧត្តមរដ្ឋមន្រ្តី គ្រោងនឹងថ្លែងទៅកាន់សហគមន៍អន្តរជាតិជាថ្មីពីការប្តេជ្ញាចិត្តរបស់កម្ពុជា ដែលបានកំណត់គោលដៅកាត់បន្ថយការភាយឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥ ភាគរយ ត្រឹមឆ្នាំ២០៣៥ និងការឆ្ពោះទៅគោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូនត្រឹមឆ្នាំ២០៥០។ កម្ពុជានៅតែជំរុញឱ្យមានការរក្សាសីតុណ្ហភាពត្រឹម ១,៥ អង្សាសេ ដែលនៅតែជាកត្តាចាំបាច់បំផុត ក្នុងការការពារជីវិតរស់នៅ ការថែរក្សាប្រព័ន្ធអេកូឡូស៊ី និងការសម្រេចបានការអភិវឌ្ឍប្រតកបដោយចីរភាព។

សូមបញ្ជាក់ថា កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ស្តីពីការប្រែប្រួលអាកាសធាតុ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរដ្ឋធានី ឌីលី (Dili) ប្រទេសប្រទេសទីម័រឡេស្តេ ។ កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រទេសនេះ បានទទួលតំណែងជាប្រធានដឹកនាំក្រុមប្រទេស LDC លើការប្រែប្រួលអាកាសធាតុ សម្រាប់អាណត្តិ ឆ្នាំ២០២៦-២០២៧។

ថ្នាក់ដឹកនាំប្រទេសអភិវឌ្ឍន៍តិចតួចទាំង ៤៤ នឹងធ្វើការពិនិត្យ និងពិភាក្សា លើបញ្ហានៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ការបន្ស៊ាំ និងការខូចខាតបាត់បង់ ព្រមទាំងការរក្សាកម្រិតកំដៅផែនដីមិនឱ្យលើសពី ១,៥ អង្សាសេ។

លទ្ធផលនៃកិច្ចប្រជុំ នឹងបញ្ជូនទៅកាន់កិច្ចប្រជុំកំពូល លើកទី៣១ នៃសន្និសីទភាគីនៃអនុសញ្ញាក្របខ័ណ្ឌ អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP31) នៅប្រទេសទួរគីយ៉េ នាខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខ៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner