ប្រាសាទព្រហ្មញ្ញសាសនាចុងក្រោយបង្អស់ក្នុងរាជធានីអង្គរ
ប្រាសាទមង្គលាថ៍ គឺជាទីតាំងប្រវត្តិសាស្ត្រដ៏សំខាន់មួយដែល លាក់បាំងនូវរឿងរ៉ាវអតីតកាលយ៉ាងស៊ីជម្រៅ នៅក្នុងក្រុងអង្គរធំ ខេត្តសៀមរាប។
ស្ថិតនៅកណ្តាលទ្រូងព្រៃដ៏ស្ងប់ស្ងាត់ ក្នុងក្រុងអង្គរធំ ប្រាសាទ «មង្គលាថ៍» ឬ ដែលអ្នកស្រុកស្គាល់ទូទៅថា «ប្រាសាទតុបខាងកើត» គឺជាមរតកប្រវត្តិសាស្ត្រ ពេញដោយរឿងរ៉ាវនាពេលអតីតកាលជា ច្រើន។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងភូមិស្រះស្រង់ខាងត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ។
តាមកំណត់ត្រាឆ្នាំ១៩១៨ របស់លោក Henri Marchal អ្នកស្រុកអង្គរ តែងហៅទីនេះថា «ប្រាសាទតុប» ដោយសារទម្រង់រាង «កន្តុប»។ ប៉ុន្តែតាមរយៈសិលាចារឹក ប្រាសាទនេះមានឈ្មោះដើមផ្លូវការថា «មង្គលាថ៍»។ ដោយសារតែមានប្រាសាទតូចៗពីរក្នុងក្រុងអង្គរធំដែល អ្នកស្រុកហៅថា «តុប» ដូចគ្នា អ្នកស្រាវជ្រាវបានបន្ថែមទិសខាងកើត និងខាងលិច ដើម្បីចៀសវាងការច្រឡំ ព្រោះសំណង់ទាំងពីរនេះ មាន ប្រវត្តិកាលសម័យ និងស្ថាបត្យកម្មខុសគ្នាស្រឡះ។
ស្ថាបត្យកម្ម ប្រាសាទមង្គលាថ៍ត្រូវបានសង់អំពីថ្មភក់នៅលើខឿន ពីរជាន់ មានប្លង់ជារាងកាកបាទ ដោយមានទ្វារចូលនៅទិសខាងកើត និងទ្វារបញ្ឆោតនៅទិសខាងលិច ខាងត្បូង និងខាងជើង។ ភាគច្រើន នៃចម្លាក់ផ្តែរ ហោជាង និងចម្លាក់គោល រៀបរាប់អំពីទេវកថាសំខាន់ៗ របស់ព្រះនារាយណ៍ ដូចជារឿងព្រះនារាយណ៍ផ្ទុំបង្កើតលោក ព្រះនារាយណ៍ឈានបីជំហាន និងរឿងរ៉ាវព្រះក្រឹស្ណ ដែលជាភស្តុតាង បញ្ជាក់យ៉ាងច្បាស់ថា ប្រាសាទនេះត្រូវបានសាងសង់ឡើងដើម្បីឧទ្ទិស ដល់លទ្ធិព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។
អាជ្ញាធរជាតិអប្សរា បានគូសបញ្ជាក់ថា ប្រភពប្រវត្តិសាស្ត្រដ៏សំខាន់នៃ ប្រាសាទនេះ បានបង្ហាញតាមរយៈសិលាចារឹកភាសាសំស្ក្រឹតចំនួន២ផ្ទាំង គឺសិលាចារឹក K.៥៦៧ និង K.៤៨៨ ដែលផ្តល់ទិន្នន័យ យ៉ាងសំខាន់អំពីកាលប្បវត្តិ និងព្រះរាជវង្សខ្មែរនាចុងសតវត្សទី១២ ដល់ដើមសតវត្សទី១៤ ពោលគឺក្រោយរជ្ជកាលព្រះបាទជ័យវម៌ទី៧។
តាមរយៈសិលាចារឹកនេះ បានឱ្យដឹងថា ព្រះបាទជ័យវម៌ទី៨ បានសាង សង់ប្រាសាទមង្គលាថ៍ឡើងនៅឆ្នាំ១២៩៥ គ.ស. លើទីតាំងដីមាន ឈ្មោះថា «សាលាព្រាហ្មណ៍» ដើម្បីឧទ្ទិសជូនព្រះរាជគ្រូរបស់ព្រះអង្គ គឺព្រាហ្មណ៍ «ជ័យមង្គលាថ៍» និងមាតាឈ្មោះ «សុភទ្រា»។ ហេតុនេះហើយ ប្រាសាទតុបខាងកើតត្រូវគេស្គាល់ថាជាសំណង់ ប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយគេបង្អស់ ដែល បានកសាងឡើងនៅក្នុងរាជធានីអង្គរ។
បច្ចុប្បន្ន ប្រាសាទមង្គលាថ៍ ត្រូវបានអភិរក្ស និងថែទាំយ៉ាងយក ចិត្តទុកដាក់ជាប្រចាំដោយអាជ្ញាធរជាតិអប្សរា ទាំងការស្តារប្រឡាយ ទឹក និងការសម្អាតបរិស្ថានជុំវិញ។ សម្រាប់ទេសចរដែលស្វែងរកភាពស្ងប់ស្ងាត់ និងចង់ស្រូបយក បរិយាកាសធម្មជាតិស្រស់បំព្រង លាយឡំជាមួយដាន ប្រវត្តិសាស្ត្រ ដ៏បុរាណនៃចក្រភពអង្គរ ប្រាសាទមង្គលាថ៍ គឺជា គោលដៅ ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ មួយដែលមិនអាច រំលងបានឡើយ៕
ដោយ៖ទួន សុផល



