ផ្លូវបេតុងថ្មីបង្កើនសោភណភាពក្រុងកំពត និងកំពុងទាក់ទាញទេសចរ
អាជ្ញាធរ និងប្រជាពលរដ្ឋខេត្តកំពត បានបង្ហាញនូវក្តីរីករាយចំពោះសមិទ្ធផលផ្លូវបេតុងថ្មី ក្នុងសង្កាត់កំពង់បាយ និងសង្កាត់កំពង់កណ្ដាល ដែលមិនត្រឹមតែជួយសម្រួលដល់ការធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកលើកកម្ពស់សោភណភាពក្រុង និងជំរុញសក្តានុពលទេសចរណ៍មូលដ្ឋានផងដែរ។
ផ្លូវបេតុងអាមេជាច្រើនខ្សែត្រូវបានស្ថាបនាឡើងជាបន្តបន្ទាប់នៅក្នុងក្រុងកំពត ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ ក្នុងនោះ នៅសង្កាត់កំពង់បាយ ផ្លូវបេតុងចំនួន ៣ខ្សែ ប្រវែងសរុប ៣៩៥ម៉ែត្រ ត្រូវបានបញ្ចប់ការស្ថាបនា។ រីឯនៅសង្កាត់កំពង់កណ្ដាល ផ្លូវបេតុងចំនួន ៤ខ្សែ ប្រវែង ៥០១ម៉ែត្រ ព្រមទាំងលូរំដោះទឹកមួយខ្សែ ក៏ត្រូវបានរៀបចំរួចរាល់ផងដែរ។
ការសម្រេចបាននូវសមិទ្ធផលផ្លូវបេតុងថ្មីទាំងនេះ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលធ្លាប់ជួបការលំបាកដោយសារផ្លូវភក់ ផុង នារដូវវស្សាកន្លងមក សម្តែងនូវក្តីសប្បាយរីករាយព្រោះវាបានផ្លាស់ប្តូរមុខមាត់ជីវភាព និងការរស់នៅរបស់ពួកគាត់ឱ្យកាន់តែប្រសើរឡើង។
មន្ត្រីជំនាញបានបញ្ជាក់ថា ការកែលម្អបណ្តាញផ្លូវក្នុងក្រុងកំពតឱ្យមានសណ្តាប់ធ្នាប់ និងសោភណភាពបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរ។ជាការកត់សម្គាលគ្រាន់តែនៅក្នុងខែសីហាកន្លងទៅ ខេត្តកំពតទទួលបានភ្ញៀវទេសចរមកកម្សាន្តមានចំនួនជាង ១៧ម៉ឺននាក់៕
អត្ថបទនិងរូបភាព៖ សិលា សារិន