ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ
ក្រសួងទេសចរណ៍គ្រោងរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ»។
ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកំពត បានសម្រេចយកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ដើម្បីរៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គ ផ្សារភ្ជាប់ទេសចរណ៍នារដូវកាលបៃតង ក្រោមប្រធានបទ «រត់ដើម្បីទេសចរណ៍បៃតងលើភ្នំបូកគោ» នៃឧទ្យានជាតិព្រះមុនីវង្ស។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ា ហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រាប់បណ្តាញព័ត៌មាន AMS។
ឯកឧត្តមបានពន្យល់ថា ការរត់ឆ្លងកាត់ឧបសគ្គនេះ គឺជាសកម្មភាពអមមួយក្នុងព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរនារដូវកាលបៃតងឆ្នាំ២០២៦ ដែលក្រសួងទេសចរណ៍បានជ្រើសរើសខេត្តកំពតជាតំបន់ឆ្នេរ សម្រាប់រៀបចំរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ ដោយផ្តោតលើសក្តានុពលទេសចរណ៍ម្ហូបអាហារ និងភាពស្រស់ស្អាតនៃតំបន់ឆ្នេរនារដូវកាលបៃតង។
ឯកឧត្តមរដ្ឋលេខាធិការបានរំលេចថា ដើម្បីអបអរព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំនេះ ក្រសួងទេសចរណ៍បានគាំទ្រ និងជំរុញឱ្យមានការរៀបចំកម្មវិធីរត់ឆ្លងកាត់ឧបសគ្គនៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ដើម្បីផ្សារភ្ជាប់សក្តានុពលទេសចរណ៍ និងជំរុញចលនាទេសចរណ៍ទៅកាន់ខេត្តកំពត និងឧទ្យានជាតិ បូកគោ។
ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តមបានអំពាវនាវដល់ភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នារៀបចំព្រឹត្តិការណ៍រត់ឆ្លងកាត់ឧបសគ្គនេះឱ្យបានរលូន ចាប់តាំងពីដំណើរការចុះឈ្មោះអត្តពលិកចូលរួម រហូតដល់ថ្ងៃប្រារព្ធព្រឹត្តិការណ៍ជាផ្លូវការ។
ក្រសួងទេសចរណ៍មានបំណងប្រែក្លាយកម្មវិធីរត់នេះទៅជាព្រឹត្តិការណ៍អន្តរជាតិ ដើម្បីទាក់ទាញអត្តពលិក និងអ្នកចូលចិត្តការរត់ពីបណ្តាប្រទេសនានា បន្ថែមពីលើប្រជាពលរដ្ឋក្នុងស្រុក និងឈានទៅទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកចូលរួមកាន់តែច្រើន ស្របតាមយុទ្ធសាស្ត្ររបស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងការជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។
សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ទេសចរណ៍តំបន់ឆ្នេរនារដូវកាលបៃតងឆ្នាំ២០២៦ នៅកំពតពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦ខាងមុខនេះ ក៏មានការប្រឡងម្ហូបអាហារ និងពិព័រណ៍ម្ហូបអាហារ វគ្គបណ្តុះបណ្តាលអំពីការយល់ដឹង និងតម្រូវការរបស់ភ្ញៀវទេសចរមូស្លីម ការជិះកង់លើវិថីទេសចរណ៍បៃតងតំបន់ឆ្នេរ ការប្រកួតកីឡាកាច់ដៃ រួមនឹងការរត់ឆ្លងកាត់ឧបសគ្គលើភ្នំបូកគោ៕
ផលិតដោយ៖ ជាវ ចន្ធូ



