ផ្លូវដែកកម្ពុជា-ថៃ ដែលខូចដោយសារសង្គ្រាមជាង៤០ឆ្នាំ នឹងត្រូវតភ្ជាប់ឡើងវិញ នៅថ្ងៃទី២២ ខែមេសាខាងមុខនេះ
ផ្លូវដែកដែលជាតំណរភ្ជាប់រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដែលរងការខូចខាត ដោយសារសង្គ្រាម អស់រយៈពេល៤៥មកហើយនោះ នឹងត្រូវបានតភ្ជាប់ដំណើរការឡើងវិញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ នេះបើតាមការអះអាងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។ ការអះអាងយ៉ាងដូចនេះ បានធ្វើឡើងកាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលឯកឧត្តមទេសរដ្ឋមន្ត្រីបានដឹកនាំក្រុមការងារ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ ចុះពិនិត្យមើលតំណរភ្ជាប់ផ្លូវរថភ្លើងកម្ពុជា-ថៃ នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ផ្លូវរថភ្លើងតភ្ជាប់ពីកម្ពុជា ទៅប្រទេសថៃ បានដាច់ដោយសារសង្គ្រាម៤៥ឆ្នាំមកហើយ។ នៅពេលនេះបានរៀបចំឱ្យមានការតភ្ជាប់ឡើងវិញ ដែលទទួលបានជំនួយដែកពីប្រទេសម៉ាឡេស៊ី ហើយភាគីថៃ ក៏បានជួយដឹកបន្តមកឱ្យដល់ច្រកប៉ោយប៉ែត និងបានធ្វើជាផ្លូវដែកនេះឡើង ហើយបានតភ្ជាប់ជាបន្តបន្ទាប់រហូតដល់ភ្នំពេញ។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា ចំពោះផ្លូវដែកតភ្ជាប់ទៅថៃនេះ គឺបានតភ្ជាប់រួចរាល់អស់ហើយ តែមិនទាន់បានរត់ទៅមកជាមួយថៃនោះទេ ដោយសារមិនទាន់មានការព្រមព្រៀងការរត់ផ្លូវដែករវាងកម្ពុជា និងថៃ។
មកដល់ពេលនេះ កិច្ចព្រមព្រៀង បានធ្វើចប់សព្វគ្រប់អស់ហើយ នៅចាំតែទៅដល់ថ្ងៃទី២២ ខែមេសាខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន ទទួលទូរថភ្លើងពីភាគីថៃដែលបានផ្តល់ឱ្យ នឹងមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងការដឹកជញ្ជូនតាមផ្លូវដែកតែម្តង។
ឯកឧត្តម ស៊ុន ចាន់ថុលបានបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ នឹងជិះរថភ្លើងឆ្លងកាត់ទៅមកកម្ពុជា-ថៃ ដើម្បីបញ្ជាក់ពីការដាក់ឱ្យដំណើរការតភ្ជាប់ផ្លូវរថភ្លើង រវាងកម្ពុជា និងថៃឡើងវិញផងដែរ។
ឯកឧត្តម ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ការដឹកជញ្ជូនតាមផ្លូវដែកនេះ ពិតជាមានសារសំខាន់ណាស់ ព្រោះវាអាចជួយកាត់បន្ថយការខូចខាតផ្លូវថ្នល់ផង និងអាចដឹកទំនិញបានច្រើនផងដែរ ក្នុងនោះដែរ កម្មករ កម្មការិនី ក៏អាចធ្វើដំណើរពីបាងកកមកដល់ស្ថានីយ៍ប៉ោយប៉ែតនេះផងដែរ ព្រោះនេះគឺជាស្ថានីយរថភ្លើងលំដាប់ថ្នាក់អន្តរជាតិ៕ធ.ដ