អាជីវករផ្សារគគីរ ចូលរួម និងគោរពតាមការណែនាំរបស់អាជ្ញាធរចំពោះការរៀបចំ សណ្តាប់ធ្នាប់ផ្សារ
ខេត្តកណ្តាល៖ ក្រុមអាជីវករផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោយពីអាជ្ញាធរស្រុកសហការជាមួយអ្នកគ្រប់គ្រងផ្សារ និងនគរបាលសណ្តាប់ធ្នាប់ចុះរៀបចំផ្នែកខាងក្នុងផ្សារ និងខាងមុខផ្សារណែនាំពន្យល់ដល់បងប្អូនអាជីករកុំឲ្យលក់រំលោភ ហួសដែនកំណត់ កាលណាបើបងប្អូនរំលោភហួសដែនកំណត់នោះធ្វើឲ្យបាត់បង់ ផ្លូវសម្រាប់បងប្អូនដែលជាអតិថិជនចូលទិញ ទំនិញ ដូច្នេះអ្នកខាតបង់គឺបងប្អូនតែម្តង។ ឃើញថា ក្រោយស្តាប់ការណែនាំរបស់ អាជ្ញាធរស្រុករួចមកបងប្អូនអាជីវករបានចូល យ៉ាងសស្រោកសស្រាំរើទំនិញបើកផ្លូវភ្លាមៗផងដែរ និងឲ្យអ្នកគ្រប់គ្រងផ្សារ និងអាជ្ញាធរ ជួយពង្រឹងសណ្តាប់ធ្នាប់នៅក្នុងផ្សារគគីរនេះ ឲ្យមានភាពស្រួលសម្រាប់ការលក់ដូរ។
នៅក្នុងការចុះរៀបចំសណ្តាប់ធ្នាប់លើកទីបីនេះ លោក ពៅ គឹមលី អភិបាលរងស្រុកកៀនស្វាយក៏បានមានប្រសាសន៍ដែរថា រដ្ឋបាលស្រុកកៀនស្វាយបាន សហការជាមួយប្រធានគណៈកម្មការគ្រប់គ្រងផ្សារគគីរ រួមជាមួយកម្លាំងសណ្តាប់ធ្នាប់ចរាចរណ៍ស្រុក បានរួមគ្នាចុះរៀបចំសណ្តាប់ធ្នាប់នៅក្នុងផ្សារគគីរ ដែលកន្លងមកយើងបានរៀបចំនៅផ្នែកខាងក្រៅផ្សារ បច្ចុប្បន្នមានលក្ខណៈល្អប្រសើរសម្រាប់អ្នកលក់។
អ៊ីចឹងដើម្បីត្រៀមនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ រដ្ឋបាលស្រុកបានបន្តការធ្វើរៀបចំនៅខាងក្នុងផ្សារវិញម្តង ដោយសារយើងមើលឃើញថា កន្លងមកបងប្អូនអាជីវកររបស់យើង លក់លើសពីដែនកំណត់ដែលរដ្ឋបាលស្រុកប្រគល់ជូនពួកគាត់ ខ្លះលក់លើសបង្គោលរោងដល់ទៅ១ម៉ែត្រ ទៅ២ម៉ែត្រ វាធ្វើឱ្យចង្អៀតផ្លូវសម្រាប់អតិថិជនដែលចូលទិញអីវ៉ាន់របស់គាត់។
ដូច្នេះ សូមបងប្អូននៅក្នុងផ្សារគគីរទាំងអស់មេត្តាយោគយល់ ហើយលក់ទៅតាមការកំណត់ដែលរដ្ឋបានស្រុកបានចង្អុលបង្ហាញនៅព្រឹកនេះ ដើម្បីទុកផ្លូវឱ្យបងប្អូនប្រជាពលរដ្ឋដែលមកទិញអីវ៉ាន់ដើរស្រឡះស្រួល និងមានសោភណ្ឌភាពសម្រាប់ផ្សារគគីរនេះ។
លោកបន្តថា ចំពោះផ្នែកខាងមុខផ្សារ យើងបានគ្រោងកម្លាំងចរាចរណ៍ចាប់ពីថ្ងៃទី១២ តទៅ មុខបរិវេណផ្សារ ទាំងខាងឆ្វេង ទាំងខាងស្តាំ គឺមិនអនុញ្ញាតឱ្យបងប្អូនចតម៉ូតូ ឡាន នោះទេ ព្រោះកាលណាយើងចតវាធ្វើឱ្យកកស្ទះចរាចរណ៍ ដោយសារផ្លូវជាតិលេខ១ បងប្អូនប្រជាពលរដ្ឋឆ្លងកាត់មកពីច្រើនខេត្តណាស់។ លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមទាំងអស់គ្នា ដើម្បីធ្វើឱ្យសណ្តាប់ធ្នាប់ផ្សារគគីរ ជាពិសេសតាមដងផ្លូវជាតិលេខ១ មានលក្ខណៈទូលាយងាយស្រួលដល់ការធ្វើដំណើររបស់បងប្អូនទៅលេងស្រុកនៅក្នុងឱកាសចូលឆ្នាំនេះ៕ធ.ដ