លោក ត្រាំ អះអាងថា លោក ពូទីន ចង់ធ្វើកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ច្បាស់ៗកាលពីថ្ងៃ ពុធ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចង់ឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ដែលបានឆាបឆេះឡើងចូលដល់ឆ្នាំទី៥ហើយ។
ទន្ទឹមគ្នា មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានបង្ហើបឱ្យដឹងថា កិច្ចប្រជុំត្រីភាគីរវាងលោក និងលោក ពូទីន ព្រមទាំងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី អាចនឹងកើតឡើង។
បើតាម Anadolu, លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានមុនឡើងយន្តហោះ Air Force One ទៅកាន់ទីក្រុង Dallas ថា លោកមានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយលោក ពូទីន ។
លោក ត្រាំ បន្ថែមថា លោក ពូទីន ប្រាប់លោកត្រង់ៗថា គាត់ពិតជាចង់ឈានដល់កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកថា ប្រសិនបើលោក ហ្សេលេនស្គី ក៏មានបំណងចង់ឈានដល់កិច្ចព្រមព្រៀងដែរ នោះនឹងក្លាយជារឿងល្អ។
នៅពេលត្រូវបានអ្នកកាសែតសាកសួរ ថាតើឧបសគ្គចម្បងចំពោះការឈានដល់កិច្ចព្រមព្រៀងគឺជាអ្វី? លោក ត្រាំ បានចង្អុលបង្ហាញពីភាពតានតឹងរវាងមេដឹកនាំរុស្ស៊ី និងអ៊ុយក្រែន ដោយនិយាយថា មនុស្សពីរនាក់នេះស្អប់គ្នាទៅវិញទៅមក នោះហើយគឺជាឧបសគ្គដ៏សំខាន់មួយ។
យ៉ាងណា ប្រធានាធិបតីអាមេរិករូបនេះសង្កត់ធ្ងន់ថា កិច្ចប្រជុំត្រីភាគីរវាងមេដឹកនាំទាំងបីអាចកើតឡើង ដោយសារមនុស្សជាច្រើនកំពុងស្លាប់ក្នុងសង្គ្រាម ដោយលោកអះអាងថា មានមនុស្សប្រមាណ ២៥,០០០ នាក់បានស្លាប់កាលពីខែមុន។
គួរបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទរវាងលោក ត្រាំ និងលោក ពូទីន បានធ្វើឡើងកាលពីថ្ងៃ អង្គារ ចំពេលមានកិច្ចខិតខំប្រឹងប្រែងការទូតសាជាថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីជំរុញការចរចាបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា