របកគំហើញ៖ អ្នកជំនាញរកឃើញ «ទួលភ្នំតូច» ជាតម្រុយ សំខាន់នៃការប្រែប្រួលសង្គមមនុស្សបុរាណ នៅខេត្តតាកែវ
ក្រុមអ្នកស្រាវជ្រាវនៃនាយកដ្ឋានបុរាណវិទ្យាបានរក ឃើញ សក្ខីកម្មប្រវត្តិសាស្ត្រដ៏សំខាន់មួយនៅស្ថានីយបុរាណ «ទួលភ្នំតូច» ក្នុងស្រុកអង្គរបូរី ខេត្តតាកែវ ដែលផ្តល់ជា តម្រុយ ថ្មីបង្ហាញពីបច្ចេកទេសសំណង់ និងនិរន្តរភាពនៃការតាំងទីលំនៅរបស់មនុស្សក្នុងដំណាក់កាលអន្តរកាល ចាប់តាំងពី សម័យភ្នំ រហូតឈានចូលដល់សម័យអង្គរ។
អ្នកជំនាញនៃនាយកដ្ឋានបុរាណវិទ្យា បានបញ្ចប់ ប្រតិបត្តិការធ្វើកំណាយស្រាវជ្រាវនៅស្ថានីយបុរាណ «ទួលភ្នំតូច» ដែលមានទីតាំងស្ថិតនៅក្នុងឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។ទីនេះមានចម្ងាយប្រមាណ ៣៥០ម៉ែត្រ ពីកំពែងបុរាណខាងកើតនៃក្រុងអង្គរបូរី។ ផ្អែកលើការពិនិត្យស្លាកស្នាមបុរាណវិទ្យា ការសិក្សា ឯកសារ ពាក់ព័ន្ធ និងរបកគំហើញថ្មីៗពីកំណាយ មន្ត្រីជំនាញបានរក ឃើញពីបច្ចេកទេសសំណង់និងប្រវត្តិសាស្ត្រសំខាន់ៗជាច្រើន។
លោក ឡេង វិទូ ប្រធាននាយកដ្ឋានបុរាណវិទ្យា និងបុរេប្រវត្តិ វិទ្យា នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រាប់បណ្តាញសារព័ត៌មាន AMS ថា ក្រុមស្រាវជ្រាវបានរកឃើញសភាវដើម នៃទីទួលបុរាណ ដែលមានការរៀបចំជាខឿនគ្រឹះធំដោយប្រើប្រាស់ថ្មមូលដុំធំៗមកពីទន្លេ ឬស្ទឹង លាយឡំជាមួយថ្មភ្នំ។
តាមការបញ្ជាក់របស់មន្រ្តីជំនាញ ទោះបីជាសំណង់ឥដ្ឋនៅ លើទួលបានបាត់បង់រូបរាងដើម ដោយសារសកម្មភាពលួចជីកកកាយកាលពីអតីតកាល និងនៅសល់ត្រឹមបំណែកឥដ្ឋ បន្តិចបន្តួចក្តី ប៉ុន្តែតាមរយៈស្លាកស្នាមឥដ្ឋ និងជើងទម្រថ្មដែលបន្សល់ទុកក្នុងរណ្តៅ ក្រុមជំនាញសន្និដ្ឋានបឋមថា ទីនេះធ្លាប់ ជាសំណង់ឥដ្ឋដែលមានទំហំតូចល្មម និងមានតួប៉មច្រើន។ ក្រៅពីបំណែកស្ថាបត្យកម្ម គេក៏បានរកឃើញវត្ថុបុរាណ ជាច្រើន ទៀត ដូចជា បំណែកកុលាលភាជន៍ដីដុត កុណ្ឌី ភាជន៍សម្រាប់ចំអិនអាហារ អាចម៍ដែក ឆ្អឹងសត្វ ក្បាលព្រួញ ឧបករណ៍ផលិតកុលាលភាជន៍ ឧបករណ៍កិនថ្នាំ បំណែកបដិមា និងជើងទម្រធ្វើពីថ្មភក់ ខ្វាត និងអង្កាំផងដែរ។
លោក វិទូ បានចាត់ទុករបកគំហើញនៅស្ថានីយទួលភ្នំតូច ផ្តល់នូវចំណេះដឹងថ្មី និងពិសេសប្លែកពីការធ្វើកំណាយមុនៗនៅតំបន់អង្គរបូរី ដែលភាគច្រើនផ្តោតលើទីទួលប្រជាជនរស់នៅ កន្លែងកប់សព កំពែងបុរាណ ឬទីតាំងបោះចោលភាជន៍។ ការប្រើប្រាស់ផ្ទាំងថ្មធំៗរាងមូលលាយជាមួយថ្មភ្នំដើម្បីធ្វើជាគ្រឹះសំណង់ ក្នុងតំបន់ដីសណ្តលិចទឹក គឺជាភស្តុតាងថ្មីបង្ហាញពីវិស្វកម្មសំណង់យ៉ាងរឹងមាំ និងឆ្លុះបញ្ចាំងពីប្រាជ្ញារបស់ បុព្វបុរសសម័យមុនអង្គរ ក្នុងការជ្រើសរើសសម្ភារបច្ចេកទេសឱ្យស្របតាមស្ថានភាពភូមិសាស្ត្រ។ ជាមួយគ្នានេះ វត្តមាននៃ សំណង់ប្រាសាទឥដ្ឋនេះ ក៏ជាសក្ខីកម្មបង្ហាញពីជំនឿ និងការ គោរពបូជាខាងផ្នែកសាសនានៅតំបន់ភាគខាងត្បូងនៃប្រទេសកម្ពុជានាសម័យបុរាណ។
ចំពោះអាយុកាលនៃស្ថានីយនេះ ផ្អែកលើការវិភាគវិទ្យាសាស្ត្រ តាមវិធីសាស្ត្រវាស់អាយុកាលដោយពន្លឺ លើសំណាកឥដ្ឋដោយ មន្ទីរពិសោធន៍ SUERC បានបង្ហាញថា គ្រឹះ និងតួ ប្រាសាទឥដ្ឋ នៅទួលភ្នំតូច មានអាយុកាលចន្លោះពីសតវត្សរ៍ទី៨ ដល់ទី១០ នៃគ្រិស្តសករាជ ពោលគឺមានអាយុច្រើនជាង ១ពាន់ឆ្នាំមក ហើយ។ លទ្ធផលនេះបានបញ្ជាក់ថា សំណង់នេះត្រូវបាន សាងសង់ និងប្រើប្រាស់ក្នុងកំឡុងសម័យមុនអង្គរ និងសម័យ អង្គរដំបូង ដែលស៊ីគ្នាយ៉ាងល្អទៅនឹងប្រភេទទម្រង់វត្ថុសិល្បៈ និងបដិមាដែលបានរកឃើញ។
ការរកឃើញនៅទួលភ្នំតូចនេះ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយពង្រឹងភស្តុតាងបុរាណវិទ្យា ដោយបញ្ជាក់យ៉ាង ច្បាស់ថា តំបន់អង្គរបូរីមាននិរន្តរភាពនៃការតាំងទីលំនៅរបស់ មនុស្សជាប់រហូត ចាប់តាំងពីដំណាក់កាលអន្តរកាលពីអាណា ចក្រភ្នំ រហូតឈានចូលដល់សម័យអង្គរ។ បន្ថែមពីនេះ វាបាន បង្ហាញពីការវិវត្តនៃបច្ចេកទេសសាងសង់គ្រឹះទ្រសំណង់តូចៗនា មុនសម័យអង្គរ ពោលគឺមុនពេលឈានដល់ការកសាងប្រាសាទ ថ្មធំៗស្កឹមស្កៃក្នុងសម័យអង្គរ៕
ដោយ៖ទួន សុផល

