ព្រៃវែងក្លាយជាខេត្តទី៣ ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ បន្ទាប់ពីភ្នំពេញ និងកណ្តាល

ខេត្តព្រៃវែងក្លាយជាខេត្តទី៣ នៅកម្ពុជា ដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ បន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។
 
ពិធីប្រកាសទទួលស្គាល់នេះធ្វើឡើងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង អាជ្ញាធរខេត្ត អង្គការ ដៃគូអភិវឌ្ឍន៍ និងប្រជាពលរដ្ឋប្រមាណ ១ ៣៧០នាក់។
 
ឯកឧត្តម ឆាយ ឫទ្ធិសែន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខេត្តព្រៃវែង ក្នុងការលើកកម្ពស់សេវាទឹកស្អាត និងអនាម័យ ព្រមទាំងការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការលើកកម្ពស់ការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ការផ្លាស់ប្តូរទម្លាប់មកទទួលទានទឹកស្អាត ដើម្បីសុខភាព ការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ និងរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ។
 
ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្ន អត្រាគ្របដណ្តប់សេវាទឹកស្អាតកម្រិតមូលដ្ឋានទូទាំងប្រទេសបានកើនដល់ ៨៩% ខណៈអនាម័យជនបទកម្រិតមូលដ្ឋានកើនដល់ ៩៥%។ រាជធានី-ខេត្តទាំង២៥ សុទ្ធសម្រេចបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ប៉ុន្តែរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង សម្រេចបានកម្រិតខ្ពស់ (ODF+) ដែលមានន័យថា ក្រៅពីគ្មានបន្ទោរបង់ពាសវាលពាសកាល តំបន់នោះក៏មានការគ្រប់គ្រងសំណល់រឹង និងរាវបានល្អ ហើយថែរក្សាបាននូវអនាម័យ និងភាពស្អាតទូទៅ។
 
ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធបន្តសហការគ្នា ដើម្បីលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដោយប្រកាន់យកគោលការណ៍គ្រឹះសំខាន់ៗចំនួន ៤ គឺ៖ បរិយាបន្ន, គុណភាព, និរន្តរភាព និងនវានុវត្តន៍ ដើម្បីចូលរួមអភិវឌ្ឍនជនបទនៅកម្ពុជាឱ្យតែរីកចម្រើន សម្រេចឱ្យបានជោគជ័យនូវចក្ខុវិស័យ “កម្ពុជាជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០” ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា៕

សៅ សុខអេង​

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner