ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក្នុង កិច្ចប្រជុំកំពូល អន្តរជាតិស្ដីពីលំហអាកាស

ប៉ារីស៖ នាថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់ ឯកឧត្ដម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ជាតំណាងដ៏ខ្ពង់ខ្ពស់ចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិស្ដីពីលំហអាកាស នៅរដ្ឋធានីប៉ារីស សាធារណរដ្ឋបារាំង។ កិច្ចប្រជុំកំពូលនេះ សហការរៀបចំដោយសាធារណរដ្ឋបារាំង និង​សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងមានការអញ្ជើញចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រីទទួលបន្ទុកវិស័យលំហអាកាស និង តំណាងប្រទេសជាង៩០ ព្រមទាំង តំណាងអង្គការអន្តរជាតិ និងវិស័យ ឯកជន សរុបជាង ២ ០០០នាក់។

នេះជាកិច្ចប្រជុំកំពូលលើកទីមួយ ផ្នែកលំហអាកាស ដែលមានគោលបំណង ប្រមូលផ្ដុំបណ្ដាប្រទេសពាក់ព័ន្ធដើម្បី ប្រកាសរួមគ្នា អំពីឧត្តមបំណងនៃការប្រើប្រាស់លំហអាកាស សម្រាប់គោលដៅសន្តិភាព និងប្រកបដោយចីរភាពក្នុង បរិការណ៍នៃការប្រកួតប្រជែងក្នុងផ្នែក លំហអាកាស ដើម្បីគោលដៅសេដ្ឋកិច្ចនិងគោលដៅយុទ្ធសាស្ត្ររបស់បណ្ដាប្រទេសនានាលើពិភពលោក។ នៅក្នុងកិច្ចប្រជុំកំពូលនេះ កម្ពុជាក៏បានផ្តល់ការគាំទ្រ (Endorsement) ចំពោះសេចក្តីថ្លែងការណ៍ចំនួន ៣ ដែលផ្តួចផ្តើមដោយសាធារណរដ្ឋបារាំងផងដែរ។

ឆ្លៀតឱកាសនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយឯកឧត្ដម Philippe Baptiste រដ្ឋមន្ត្រីក្រសួងឧត្ដមសិក្សាការស្រាវជ្រាវ និងលំហអាកាសរបស់បារាំង និង លោកជំទាវ Eléonore Caroit រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកហ្វ្រង់កូហ្វូនី ភាពជាដៃគូ អន្តរជាតិ និងជនជាតិបារាំងនៅក្រៅប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី និងឯកឧត្ដម Philippe Baptiste បានពិភាក្សាអំពីលទ្ធភាពក្នុងការសហការលើការងារបច្ចេកទេស ក៏ដូចជាការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញបច្ចេកវិទ្យាផ្កាយរណបនិងលំហអាកាសជាដើម ជាពិសេស ភាគីបារាំងបានថ្លែងអំណរគុណភាគីកម្ពុជា ដែលបានផ្តល់ការគាំទ្រលើសេចក្តីថ្លែងការណ៍ទាំង ៣។ ចំណែកនៅក្នុងជំនួប ជាមួយ លោកជំទាវ​ Eléonore Caroit ភាគីទាំងពីរបានពិភាក្សាលម្អិតអំពីលទ្ធភាព ពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំង លើផ្នែកបញ្ញាសិប្បនិម្មិត លំហអាកាស សន្តិសុខសាយប័រ បច្ចេកវិទ្យាកង់ទិច និង សឺមីកុងឌុចទ័រ។

បន្ទាប់ពីកិច្ចប្រជុំនេះ ឯកឧត្ដមរដ្ឋមន្ត្រី នឹងបន្តដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចការងារនៅស្ថាប័ន និងក្រុមហ៊ុន លំហអាកាសនៅទីក្រុងទូលូស ដែលជាបណ្ដុំលំហអាកាស ដ៏ធំនៅប្រទេសបារាំងនិង អឺរ៉ុប៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner