បុរីដឹវូឌ អេណាថា រ៉េស៊ីដិន បង្កើតភាពច្នៃប្រឌិតថ្មី ធានានូវបរិយាកាសរស់នៅមួយ ដែលមានសុខុមាលភាពខ្ពស់ដល់អតិថិជន
ភ្នំពេញ៖ សន្និសីទព័ត៌មានស្តីអំពីការចុះអនុស្សរណៈយោគយល់រវាង បុរី ដឺវូឌ អេណាថា រ៉េស៊ីដិន និងក្រុមហ៊ុន International Property Advisors (IPA) ដែលជាក្រុមហ៊ុនអចលនទ្រព្យនៃប្រទេសសិង្ហបុរី នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ដោយបុរីដឹវូឌ បានបង្កើតបន្ថែមការិយាល័យរបស់ខ្លួន នៅទីតាំងថ្មីក្នុងផ្សារទំនើប អ៊ីកូ ស្ទ័រ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខនឹង The Park Community Mall ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ហាងទំនិញ ភោជនីយដ្ឋានល្បីៗ ហាងកាហ្វេដ៏ពេញនិយមក្នុងតំបន់បឹងស្នោរនាពេលបច្ចុប្បន្ន។
លោកជំទាវ កាំង ណៃគួយ អគ្គនាយិកា បុរី ដឺ វូឌ មានប្រសាសន៍ថា ការបង្កើនការិយាល័យលក់បន្ថែមមកកាន់ផ្សារទំនើប អ៊ីកូ ស្ទ័រ ធ្វើឲ្យអតិថិជនដែលរស់នៅក្នុងតំបន់នេះ និងអ្នកដែលជិះកាត់ កាន់តែមានភាពងាយស្រួលក្នុងការចូលមកសាកសួរព័ត៌មានព្រមទាំងអាចទៅទស្សនាគម្រោងដោយផ្ទាល់ដែលមានចម្ងាយត្រឹមតែ ៥ នាទីប៉ុណ្ណោះពីការិយាល័យលក់ថ្មីនេះ ។
សន្និសីទព័ត៌មានស្តីអំពីការចុះអនុស្សរណៈយោគយល់រវាង បុរី ដឹ វូឌ និងក្រុមហ៊ុន International Property Advisors (IPA) វិញគឺធ្វើឡើងក្នុងគោលបំណងដើម្បីប្រកាសជាផ្លូវការអំពីការសហការគ្នាដើម្បីប្រែក្លាយ បុរី ដឹវូឌទៅជាបុរីដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវការរស់នៅជួបជុំគ្នាដ៏ប្រណិតសម្រាប់អតិថិជន ដោយផាសុកភាព សុវត្ថិភាព អមជាមួយនឹងការប្រើប្រាស់គ្រឿងបរិក្ខារ សួនច្បារ និងសេវាកម្មផ្សេងៗប្រកបដោយភាព សប្បាយរីករាយនិងសុភមង្គល។
លោក Ku Swee Yong អគ្គនាយកក្រុមហ៊ុន International Property Advisors (IPA) បានបន្ថែមថា ពួកយើងនឹងនាំយកគំរូៗល្អដែលអនុវត្តដោយអ្នកជំនាញគ្រប់គ្រងបុរីលំដាប់អន្តរជាតិទៅលើការរស់នៅបែប សហវ័យបូកផ្សំជាមួយនឹងតម្រូវការចង់បានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរដើម្បីបង្កើតបរិយាកាសរស់នៅជួបជុំគ្នាបែប ប្រណីតក្រោមដំបូលផ្ទះតែមួយដ៏អស្ចារ្យ៕ម.ន