ឯកឧត្តម ទេព ងន បំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនមន្ត្រី អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
ក្នុងឱកាសអបអសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ ក្នុងពេលដ៏ខ្លីខាងមុខនេះ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបំពាក់គ្រឿងឥស្សរិយយស និងមេដោយ ជូនមន្ត្រីចំនួន១១២នាក់ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលមានស្នាដៃល្អក្នុងការបំពេញការងារ។
តាមរបាយការណ៍របស់ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការស្តីទីព្រឹទ្ធសភាឲ្យដឹងថា ជារៀងរាល់ឆ្នាំ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា តែងណែនាំឲ្យអ្នកគ្រប់គ្រង គ្រប់អង្គភាពចំណុះ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាធ្វើ ការវាយតម្លៃលើការងារ មន្ត្រីរបស់ខ្លួន ឲ្យបានត្រឹមត្រូវយុត្តិធម៌ និងតម្លាភាព ដើម្បីជ្រើសរើសរកមន្ត្រី ដែលមានស្នាដៃពិតប្រាកដ មកទទួលគ្រឿងឥស្សរិយយស និងមេដាយ ដែល ការជ្រើសរើសនេះ ត្រូវផ្អែកលើលក្ខណៈសម្បត្តិ៥យ៉ាង ក្នុងនោះមានបុគ្គលគោរពវិន័យ និងសីលធម៌រស់នៅ ឧស្សាហ៍ព្យាយាមសកម្មការងារ មានស្មារតីទទួលខុសត្រូវ និងមានគំនិតផ្តួចផ្តើម ចេះច្នៃប្រឌិត មានសាមគ្គីភាព ទំនាក់ទំនងល្អ ជាមួយមជ្ឈដ្ឋាន ខាងក្នុង និងក្រៅ ព្រមទាំងមានឆន្ទះគិតគូរ និងផ្តល់កិត្តិយសជូនស្ថាប័ន។
មន្ត្រីដែលទទួលបាននូវគ្រឿងឥស្សរិយយសនិងមេដាយការងារ ដែលបំពាក់ជូនដោយឯកឧត្តម ទេពងន អនុប្រធានទី២ព្រឹទ្ធសភានៅពេលនេះរួមមាន មន្ត្រីថ្នាក់ដឹកនាំ និងអ្នកគ្រប់គ្រង នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន៥៩នាក់ ទទួលបានគ្រឿងឥស្សរិយយស ដែលប្រោសព្រះរាជទាន ពីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជាក្នុងនោះមានគ្រឿងឥស្សរិយយសមុនីសារភណ្ឌថ្នាក់អស្សឬទ្ធិចំនួន១១នាក់ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់អស្សឬទ្ធិចំនួន១១នាក់ គ្រឿងឥស្សរិយយស មុនីសារភណ្ឌ ថ្នាក់សេនាចំនួន៤នាក់ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនាចំនួន៧នាក់ គ្រឿងឥស្សរិយយសមុនីសាភណ្ឌថ្នាក់ធិបឌិន្ទ ចំនួន១នាក់ គ្រឿងឥស្សរិយយសសុវត្ថារាថ្នាក់ធិបឌិន្ទចំនួន២នាក់ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទចំនួន៧នាក់ គ្រឿងឥស្សរិយយសមុនីសាភណ្ឌថ្នាក់មហាសេនាចំនួន១នាក់ គ្រឿងឥស្សរិយយស សុវត្ថារា ថ្នាក់មហាសេនាចំនួន១នាក់ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេនា ចំនួន៥នាក់ គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន៣នាក់ គ្រឿងឥស្សរិយយសជាតូបកាចំនួន២នាក់ និងមន្ត្រីចំនួន៥៣នាក់ទៀត ទទួលបានមេដាយការងារពីរាជរដ្ឋាភិបាល ក្នុងនោះមេដាយ មាសការងារចំនួន២៨នាក់ និងមេដាយប្រាក់ការងារចំនួន២៥នាក់។
ការបំពាក់ជូននូវគ្រឿងឥស្សរិយយសនាពេលនេះ គឺជាការចារឹកទុកនូវ គុណសម្បត្តិ ស្នាដៃរបស់មន្ត្រីរាជការ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងជាការលើកទឹកចិត្តចំពោះការខិតខំ បង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូលរួមលើកស្ទួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភាទាំងមូល ឲ្យទទួលបានការអភិវឌ្ឍន៍រីកចម្រើនជាប្រចាំតទៅទៀត។ ដោយឡែក ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគម បេសកកម្មសិក្សានៅអាស៊ី នៃប្រទេសបារាំង ប្រចាំកម្ពុជាចំនួន៣នាក់ ក៏ទទួលបានគ្រឿងឥស្សរិយយសផងដែរ ក្នុងនោះ ម្នាក់ទទួលបានគ្រឿងឥស្សរិយយស មុនីសាភណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ និង២នាក់ទៀត ទទួលបានគ្រឿងឥស្សរិយយស សហមេត្រី ថ្នាក់អស្សឬទ្ធិ៕ម.ន