កម្ពុជា ប្រឆាំងនិងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម
គណៈប្រតិភូកម្ពុជា បានប្រកាសជំហរយ៉ាងច្បាស់របស់កម្ពុជា ក្នុងការប្រឆាំង និងថ្កោលទោសយ៉ាងដាច់ខាតចំពោះការប្រើប្រាស់គ្រាប់បែកចង្កោម ជាពិសេសជុំវិញការវាយប្រហារដោយគ្រាប់បែបចង្កោមរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជា។
ថ្លែងទៅកាន់ពិភពលោកតាមរយៈកិច្ចប្រជុំត្រួតពិនិត្យលើកទី៣ នៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា ទោះកម្ពុជាមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនេះក៏ដោយ ប៉ុន្តែកម្ពុជាគាំទ្រយ៉ាងពេញលេញចំពោះគោលបំណងរបស់អនុសញ្ញា និងមិនដែលផលិត ឬប្រើប្រាស់គ្រាប់បែកចង្កោមឡើយ។
គណៈប្រតិភូកម្ពុជាបានសង្កត់ធ្ងន់ថា កម្ពុជាបានចំណាយពេលជាង ៣៣ឆ្នាំក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយបានរំដោះផ្ទៃដីជាង ៣ ៥០០ គីឡូម៉ែត្រការ៉េ និងកម្ទេចចោលយុទ្ធភណ្ឌគ្រឿងផ្ទុះរាប់លានគ្រាប់។
ក្នុងន័យនេះ កម្ពុជាក៏ត្រៀមចែករំលែកបទពិសោធន៍ក្នុងការបោសសម្អាតគ្រឿងផ្ទុះ ការអប់រំអំពីហានិភ័យ និងជំនួយជនរងគ្រោះ ជាមួយប្រទេសនានាដែលត្រូវការ ដើម្បីរួមចំណែកកាត់បន្ថយការឈឺចាប់ និងការគំរាមកំហែងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ ដូចដែលកម្ពុជាបានឆ្លងកាត់កន្លងមក។ ទោះជាយ៉ាងណា កម្ពុជានៅមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េទៀត ដែលនៅសេសសល់ពីសង្គ្រាម និងត្រូវបន្តដោះស្រាយ។
ឯកឧត្តម លី ធុជ បានបញ្ជាក់ថា កម្ពុជាមិនបានរំពឹងថានឹងត្រូវចាប់ផ្តើមការងារនេះសារជាថ្មីឡើយ។ ប៉ុន្តែក្នុងឆ្នាំ២០២៥ ក្នុងបរិបទជម្លោះតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គ្រាប់បែកចង្កោមត្រូវបានប្រើប្រាស់លើទឹកដី និងនៅតាមសហគមន៍របស់កម្ពុជា ដែលបានបង្កើតតំបន់រងផលប៉ះពាល់ថ្មីជិត ៤ពាន់គីឡូម៉ែត្រការ៉េ ក្នុងនោះជិត ៣ពាន់ គីឡូម៉ែត្រការ៉េរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម។ ដូច្នេះ កម្ពុជាប្រឆាំង និងថ្កោលទោសចំពោះការប្រើប្រាស់អាវុធប្រភេទនេះ។
នៅក្នុងកិច្ចប្រជុំពិភពខាងលើ គណៈប្រតិភូកម្ពុជា បានប្រាប់ពីភពលោកថា កម្ពុជាមិនទាន់បញ្ចប់ការបោសសម្អាតមរតកសង្គ្រាមពីអតីតកាលអស់ផង បែរជាត្រូវប្រឈមនឹងបន្ទុកមនុស្សធម៌ថ្មីជិត ៤ពាន់គីឡូម៉ែត្រការ៉េ ដែលបង្កឡើងដោយកងកម្លាំងយោធាថៃ។ បន្ទុកថ្មីនេះកាន់តែបង្កើនតម្រូវការធនធាន និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសហគមន៍ដែលរងផលប៉ះពាល់។
លោកបន្តថា ការគំរាមកំហែងថ្មីៗនេះ បានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ និងបង្កើនបន្ទុកលើកិច្ចខិតខំប្រឹងប្រែងបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះរបស់កម្ពុជា។ ប្រជាពលរដ្ឋស៊ីវិល ជាពិសេសកសិករ ត្រូវបានសម្លាប់ និងរងរបួស ខណៈប្រជាពលរដ្ឋជាង ២ម៉ឺននាក់ នៅតែត្រូវបានផ្លាស់ទីលំនៅ និងមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនបាន។
យោងតាមការប៉ាន់ស្មានរបស់លោក ហេង រតនា អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) កម្ពុជាត្រូវចំណាយពេលជាង ១០ឆ្នាំ និងថវិកាប្រមាណ ១ពាន់លានដុល្លារ ដើម្បីបោសសម្អាតគ្រាប់បែកចង្កោម ដែលបន្សល់ទុកដោយយោធាថៃក្នុងអំឡុងសង្គ្រាមទាំងពីរលើក កាលពីឆ្នាំ២០២៥៕
ខន ណារី AMS



