កម្ពុជា-បារាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់
ប្រទេសកម្ពុជា និងប្រទេសបារាំងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់។ កម្ពុជាសង្ឃឹមថា ការគាំទ្ររបស់បារាំងនឹងជួយធានាភាពជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅរកការកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពនៃវប្បធម៌នីតិរដ្ឋនៅកម្ពុជា។
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងឯកឧត្តម Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងប្រទេសទាំងពីរ។ ពិធីនេះធ្វើឡើង នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស។
ឯកឧត្តម Marc Guillaume បានលើកឡើងថា ការចុះហត្ថលេខាលើ នេះ គឺជាក្របខណ្ឌយុទ្ធសាស្រ្តូទូលំទូលាយ និងស៊ីរវាងប្រទេសទាំងពីរ ក្នុងការសាង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ ការកែទម្រង់ស្ថាប័នរដ្ឋបាល និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ប្រកបដោយទស្សនវិស័យយូរអង្វែង។
ចំណែកឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាការបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។
MoU នេះ ក៏បានបង្ហាញឱ្យឃើញពីសុឆន្ទៈរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសន្ទនាជាប្រចាំ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងចែករំលែកបទពិសោធ ពិសេសឧត្តមានុវត្តន៍របស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងវិស័យនីតិរដ្ឋបាល ខណៈកម្ពុជាកំពុងរៀបចំក្រមរដ្ឋបាល និងក្រមពាណិជ្ជកម្ម ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ច្បាប់។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការបានសង្កត់ធ្ងន់ថា ការលើកកម្ពស់សមត្ថភាព និងគុណភាព ក្នុងការវិភាគ និងការពិនិត្យផ្តល់យោបល់ប្រឹក្សាច្បាប់, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការពង្រឹងគុណភាពនៃប្រព័ន្ធច្បាប់ នឹងរួមចំណែកធានាបាននូវសណ្តាប់ធ្នាប់គតិយុត្ត, សណ្តាប់ធ្នាប់ស្ថាប័ន, ការពារនីត្យានុកូលភាព និងការពង្រឹងទំនុកចិត្តរបស់ស្ថាប័នសាធារណៈ។
ជាងនេះទៅទៀត វានឹងធានាឱ្យការអនុវត្តអំណាចសាធារណៈកាន់តែមានប្រសិទ្ធភាព, សង្គតិភាព, តម្លាភាព, យុត្តិធម៌, ការពារប្រយោជន៍សាធារណៈ, អាចប៉ាន់ប្រមាណបាន និងមានការទទួលខុសត្រូវ ព្រមទាំងគាំទ្រដល់ធុរកិច្ច ស្របតាមគោលការណ៍នៃនីតិរដ្ឋ ដូចមានចរឹកក្នុងរដ្ឋធម្មនុញ្ញ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រែក្លាយខ្លឹមសារនៃ MoU នេះ ទៅជាសកម្មភាពជាក់ស្តែងដ៏រស់រវើក, មានផលប្រយោជន៍យូរអង្វែង និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក។
កម្ពុជារំពឹងទទួលបានការចែករំលែកបទពិសោធដ៏ទូលំទូលាយ និងចំណេះដឹងស៊ីជម្រៅពីសំណាក់សមាជិកក្រុមប្រឹក្សារដ្ឋបារាំង ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈច្បាប់ដល់សមាជិក និងមន្ត្រីច្បាប់វ័យក្មេងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ ព្រមទាំងក្រសួងស្ថាប័ននានាផងដែរ។
បើតាមឯកឧត្ដមឧបនាយករដ្ឋ វង្សី វិស្សុត MoU នេះ នឹងបើកផ្លូវទៅរកសមិទ្ធផលរួមគ្នាជាច្រើននាពេលខាងមុខ ហើយក៏នឹងរួមចំណែកដល់ជវភាពនៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-បារាំងផងដែរ៕






