អាមេរិកដាក់ទណ្ឌកម្មធនាគាររុស្ស៊ី VTB ចោទថា ជួយអ៊ីរ៉ង់ផ្ទេរប្រាក់រាប់ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើធនាគារ VTB ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏ធំបំផុតមួយរបស់រុស្ស៊ី ដោយចោទប្រកាន់ធនាគារមួយនេះថា បានជួយប្រទេសអ៊ីរ៉ង់ ក្នុងការគេចវេះពីទណ្ឌកម្ម តាមរយៈការជួយឲ្យផ្ទេរប្រាក់រាប់ពាន់លានដុល្លារ។
ក្រសួងការបរទេសអាមេរិកបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ ថា «ធនាគារ VTB បានបើកការិយាល័យនៅក្នុងប្រទេសអ៊ីរ៉ង់, បង្កើតទំនាក់ទំនងផ្នែកធនាគារជាមួយស្ថាប័នហិរញ្ញវត្ថុអ៊ីរ៉ង់ ដែលកំពុងជាប់ទណ្ឌកម្ម និងបានធ្វើសកម្មភាពផ្ទេរទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលមានតម្លៃរាប់ពាន់លានដុល្លារ ព្រមទាំង បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់»។
សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមថា «សហរដ្ឋអាមេរិកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកាត់ផ្តាច់ខ្សែជីវិតផ្នែកហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យរបបអ៊ីរ៉ង់ផ្តល់មូលនិធិដល់អំពើភេរវកម្ម, បង្កអស្ថិរភាពក្នុងតំបន់ និងគំរាមកំហែងដល់សន្តិសុខ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក»។
បើតាម Anadolu, ធនាគារ VTB ធ្លាប់ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិករួចមកហើយ កាលពីឆ្នាំ២០២២ បន្ទាប់ពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បានផ្ទុះឡើង។
វិធានការដែលមានស្រាប់ទាំងនោះហាមឃាត់បុគ្គល និងស្ថាប័នរបស់សហរដ្ឋអាមេរិកមិនឱ្យធ្វើប្រតិបត្តិការជាមួយធនាគារនេះឡើយ។
លោក Scott Bessent រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយសំដៅលើគំនិតផ្តួចផ្តើមដែលបានប្រកាស កាលពីខែមុនថា «ក្រោមប្រតិបត្តិការ Economic Outcast ឬ ការធ្វើឱ្យដាច់ឆ្ងាយផ្នែកសេដ្ឋកិច្ច, ក្រសួងរតនាគារនឹងបន្តកំណត់គោលដៅ និងរារាំងអ្នកដែលផ្តល់ការគាំទ្រផ្នែកសម្ភារៈ បច្ចេកវិទ្យា ឬ ហិរញ្ញវត្ថុ ដែលអនុញ្ញាតឱ្យរបបអ៊ីរ៉ង់បន្តសកម្មភាពភេរវកម្មរបស់ខ្លួន»។
លោក Scott Bessent បានបន្ថែមថា «ក្រសួងរតនាគារនឹងមិនអត់ឱនចំពោះការគាំទ្រណាមួយដល់របបនេះឡើយ ហើយនឹងបន្តកំណត់អត្តសញ្ញាណ បង្ហាញមុខ និង ដាក់ឲ្យឯកោ ចំពោះអ្នកដែលជួយសម្រួលដល់សកម្មភាពរបស់អ៊ីរ៉ង់»៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត