អធិការនគរបាលស្រុកស្អាង ប្រជុំផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

កណ្ដាល៖ នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៩ អធិការនគរបាលស្រុកស្អាង លោកវរសេនីយ៍ឯក សេង សុជាតិ បានអញ្ជើញនាយ-នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្ដិ៍ និងនាយនាយរងផ្នែកនៃអធិការដ្ឋាននគរបាលស្រុក ចូលរួមប្រជុំផ្សព្វផ្សាយផែនការលេខ០០៩ ផក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ របស់ស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ស្ដីពីការការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ដែលនឹងប្រព្រឹត្ដិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះ។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានថ្លែងថា នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នឹងឈានចូលមកដល់ ដូច្នេះ លោកអធិការរងទទួលមុខព្រួញ ត្រូវចុះតាមគោលដៅរៀងៗខ្លួន ដឹកនាំកងកម្លាំងនគរបាលប៉ុស្ដិ៍សហការជាមួយអាជ្ញាធរ និងប្រជាការពារភូមិ ចុះតាមមូលដ្ឋាន ដើម្បីការពារ ធានាបានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជូនដល់បងប្អូនប្រជាពលរដ្ឋ លេងសប្បាយ បញ្ជៀសរាល់អំពើល្មើសផ្សេងៗឲ្យខាងតែបាន។ មួយផ្នែកទៀត កម្លាំងនគរបាលតាមមូលដ្ឋាន ត្រូវចុះអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំឲ្យលេងជះទឹកតាមដងផ្លូវ ព្រោះទង្វើបែបនេះ អាចបង្ករគ្រោះថ្នាក់ជាយថាហេតុដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើដំណើរ។

ក្រោយពីផ្សព្វផ្សាយផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមរួចមក លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាងបាន ចែកជូនស្រាបៀរអាន់ឆ័រ ដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង១៦ប៉ុស្ដិ៍ ក្នុង១ប៉ុស្ដិ៍ទទួលបានស្រាបៀរ៥កេស។ ដោយឡែក២០កេសទៀត ទុកសម្រប់កងកម្លាំងប្រចាំការនៅអធិការដ្ឋាននគរបាលស្រុក។ ស្រាបៀរទាំងអស់នេះ បានមកពីការឧបត្ថម្ភរបស់សប្បុរសជន។ បន្ទាប់ពីចែកជូនស្រាបៀរ លោកអធិការ ក៏បានផ្ដាំផ្ញើរបន្ថែមទៀតថា ស្រាបៀរទាំងនេះ ចែកជូនទុកសម្រាប់បងប្អូនជួបជុំនៅតាមបណ្ដាប៉ុស្ដិ៍ ក្រោយបុណ្យចូលឆ្នាំថ្មីបានបញ្ចប់រួចរាល់ ហាមដាច់ខាតមិនត្រូវពិសាមុន ឬពេលចុះបំពេញការងារឡើយ ទុកសម្រាប់ជុំគ្នាសប្បាយក្រោយពីសម្រាកពីការងារ៕ម.ន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner