ឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ទទួលជួបសវនាការជាមួយប្រធានសភា សហព័ន្ធវ៉ាល់ឡូនី ប្រ៊ុចសែល
ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសវនាការជាមួយនឹងឯកឧត្តម ហ្វីលីព កួរ៉ាដ (PHILIPPE COURARD) ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងទី០៨ ខែមេសា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា។
ក្នុងនាមព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា បានសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងស្វាគមន៍ដ៏កក់ក្តៅបំផុតចំពោះឯកឧត្តម ហ្វីលីព កួរ៉ាដ ប្រធានសភាសហព័ន្ធវ៉ាល់ឡូនី-ប្រ៊ុចសែល និងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលឯកឧត្តម ហ្វីលីព កួរ៉ាដ ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅសភានៃព្រះរាជាណាចក្រកម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាឱកាសនេះ ពិតជាបាននាំមកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា និងប្រជាជននៃប្រទេសទាំងពីរ ដែលត្រូវបានចារឹកទុកប្រកបដោយស្វាហាប់ និងទៀងទាត់ បន្ទាប់ពីអនុស្សារណៈយោគយល់គ្នារវាងសភានៃប្រទេសទាំងពីរ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧។
ឯកឧត្តម ស៊ឹម កា បានសម្តែងនូវការកោតសរសើរចំពោះឯកឧត្តម និងគណៈប្រតិភូដែលបានចូលរួមពិភាក្សាយ៉ាងសកម្មក្នុងសិក្ខាសាលាស្តីពី ចក្ខុវិស័ហភាសាបារាំង នៅកម្ពុជាទៅជាយ៉ាងណា? ក្នុងឱកាសបុណ្យទិវាភាសាបារាំង ដែលព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា តែងតែរៀបចំឡើងជារាងរាល់ឆ្នាំ។ ឯកឧត្តម បានគូសបញ្ជាក់ថា នេះគឺជាអនុស្សារណៈយោគយល់ជាប្រតិសាស្រ្តលើកដំបូងរវាងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាជាមួយនឹងសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែល ក្នុងចំណោមបណ្តាប្រទេសប្រើប្រាស់ភាសាបរាំង។ ក្នុងស្មារតីនេះ ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងសភានៃប្រទេសទាំងពីរនឹងកាន់តែពង្រឹងថែមទៀត ក្នុងដំណើរផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក មានជាអាទិ៍ ទស្សនកិច្ចរបស់ឯកឧត្តមប្រធាននាពេលនេះ និងឯកឧត្តម ជា ជេដ្ឋ កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។ ឆ្លៀតក្នងឱកាសនោះ ឯកឧត្តម ស៊ឹម កា បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងសហសេវិកដែលបានទទួបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងយកចិត្តទុកដាក់ក្នុងអំឡុងពេលស្នាក់នៅរបស់គណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានៅលើទឹកដី នៃព្រះរាជាណាចក្របែលហ្ស៊ិក បានស្តែងចេញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា ក៏បានអញ្ជើញទៅបំពេញទស្សនកិច្ចដើម្បីស្វែងយល់អំពី វិស័យអប់រំ និងវប្បធម៌ ដែលជាសមត្ថកិច្ចរបស់សភាសហព័ន្ធវ៉ាលឡូនី ប្រ៊ុចសែល បានទទួលនូវចំណេះដឹងជាច្រើន លើវិស័យអប់រំ និងវប្បធម៌។ ក្រៅពីនេះតាមរយៈអនុស្សរណៈយោគយល់គ្នា ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបានូវសមិទ្ធផលជាបន្តបន្ទាប់។
ឯកឧត្តម ហ្វីលីព កួរ៉ាដ ប្រធានសភាសហព័ន្ធវ៉ាឡូនី-ប្រ៊ុចសែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបសវនាការនាឱកាសនេះ។
ឯកឧត្តម ហ្វីលីព កួរ៉ាដ បានសម្តែងនូវសេចក្តីរីករាយ និងឯកភាពចំពោះប្រសាសន៍របស់ឯកឧត្តម អនុប្រធានទី១ព្រឹទ្ធសភាបានលើកលឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងសភានៃប្រទេសទាំងពីរ ក្នុងនោះដូចជាការបណ្តុះបណ្តាល ការរៀបចំសភាយុវជន នេះគឺបង្ហាញឲ្យដឹងកាន់តែច្បាស់ថែមទៀតនូវឆន្ទៈរបស់សភាវ៉ាឡូនី ប្រ៊ុចសែល ក្នុងការរឹតចំណងមិត្តភាព ដែលមានគោលបំណងក្នុងការពង្រឹងកិច្ចការសភាឲ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តម ហ្វីលីព កួរ៉ាដ បានបញ្ជាក់ថា ការងារអប់រំ និងការបង្រៀនវប្បធម៌ដែលជាកិច្ចការដ៏សំខាន់មួយ ដែលសភាវ៉ាលឡូនី ប្រ៊ុចសែលកំពុងតែជជែងពិភាក្សាគ្នា ហើយការផ្លាស់ប្តូរបទពិសោធន៍អំពីបញ្ហានេះ មានសារសំខាន់ណាស់ដើម្បីឲ្យសភាទាំងពីរមានចំណេះដឹងកាន់តែទូលំទូលាយថែមទៀតដើម្បីពង្រឹងកិច្ចការនេះ ពីព្រោះការអប់រំ និងវប្បធម៌គឺជាការងារដែលត្រូវធ្វើជារៀងរហូត។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានថ្លៃអំណរគុណចំពោះឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា ជាពិសេសថ្លែងអំណរគុណចំពោះប្រទេសនិយាយភាសាបារាំង (ហ្រ្វង់កូហ្វូនី) ដែលភាសា ឃើញមានវត្តមានក្នុងចំណោមតំណាងរាស្ត្រ សមាជិកសភា វត្តមាននៅក្នុងសាលា ជាពិសេសសម្រាប់យុវជន។
ឯកឧត្តមប្រធានគណៈប្រតិភូបានសម្តែងនូវសេចក្តីរីករាយក្នុងការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវទាំងអស់ចំពោះដំណើរទស្សនកិច្ចនៅប្រទេសប៊ែលហ្ស៊ីកផងដែរ។ ជាមួយគ្នានេះ ឯកឧត្តមប្រធានគណៈប្រតិភូ បានគូសបញ្ជាក់អំពីសារសំខាន់នៃអនុស្សារណៈនៃការយោគយល់គ្នារវាងសភានៃប្រទេសទាំងពីរ និងថ្លៃងនូវការកោតសរសើរចំពោះឯកឧត្តម ជា ជេដ្ឋ ដែលបានដើរតួរនាទីយ៉ាងសំខាន់ដែលធ្វើឲ្យឯកសារនេះលេចចេញជារូបរាងឡើង និងមានវត្តមានរបស់ឯកឧត្តម និងគណៈប្រតិភូនាពេលនេះ។ ឯកឧត្តមប្រធានគណៈប្រតិភូ ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការទទួបដិសណ្ឋរកិច្ចរបស់គណៈប្រតិភូរបស់ឯកឧត្តមយ៉ាងកក់ក្តៅ និងការរៀងចំកម្មវិធីដ៏ល្អនេះ៕ម.ន